(ភ្នំពេញ)៖ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦នេះថា យុវជនម្នាក់ ដែលចាញ់ល្បែង ហើយប្រឌិតរឿងថា មានចោរប្លន់ម៉ូតូ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នោះ ត្រូវបានរូបលោកសម្រេចមិនយកទោសពៃ និងដោះលែងឲ្យមានសេរីភាពវិញ ដើម្បីឲ្យរូបគេអាចទៅបន្ត ការសិក្សាតាមធម្មតា។
លោក ហ៊ុន សុធី បានឲ្យដឹងថា យុវជនម្នាក់នោះ បានប្រឌិតរឿងថា មានចោរប្លន់ម៉ូតូរបស់ខ្លួន ម៉ាក Zoomer មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DF-2250 យកទៅបាត់ ដោយបង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងនគរបាលខណ្ឌទួលគោក ចុះមកសួរនាំ និងជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែក្រោយការជជីកសួរនាំរួចមក ស្រាប់តែជននេះឆ្លើយប្រប់ថា ខ្លួនបានយកម៉ូតូ ទៅបញ្ចាំចំនួន៧០០ដុល្លារ។ ហេតុការណ៍ ប្រឌិតរឿងប្លន់នេះបានកើតឡើងនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
លោកអធិការបានបន្តទៀតថា «សំរាប់យុវជនដែលបំប៉ោងសភាពការ ថាមានចោរប្លន់យកម៉ូតូរបស់ខ្លួននេះ សមត្ថកិច្ចបានឲ្យត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីសួរនាំ និងអប់រំរួច គឺមិនបានឃុំខ្លួននេះទេ តែបើគិតតាមផ្លូវច្បាប់ គឺត្រូវមានទោស តែនេះដោយសារយុវជនរូបនោះ នៅសិក្សាទើបលោកអធិការ គ្រាន់តែអប់រំហើយឲ្យវិលត្រលប់ទៅផ្ទះ ដើម្បីបន្តការសិក្សាវិញ»។
បន្ទាប់ពីការសណ្តោសប្រណីនេះ យុវជនខាងលើបានថ្លែងអំណរគុណដល់ លោកអធិការ ហ៊ុន សុធី ដែលបានផ្តល់ក្តីអនុគ្រោះចំពោះខ្លួន។
ជាមួយគ្នានេះដែរ លោកអធិការខណ្ឌបាន អំពាវនាវដល់យុវជនទាំងអស់មេត្តា កុំបំប៉ោងសភាពការណ៍ ដែលនាំឲ្យបង្កផលវិបាកដល់សមត្ថកិច្ច និងអាជ្ញាធរ៕
ករណីយុវជនចាញ់ល្បែងបំភ្លៃព័ត៌មានថា ត្រូវចោរប្លន់ម៉ូតូផ្អើល សមត្ថកិច្ចទួលគោក លោកអធិការ ហ៊ុន សុធី ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ
Posted by Sheet on Monday, March 14, 2016