(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
ក្នុងសារលិខិតរំលែកទុក្ខនោះ លោក ផៃ ស៉ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពិតជាមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនារសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុក ប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី ហើយគឺជាការបាត់បង់ជីតាប្រកបដោយក្ដីសន្ដោសប្រណីចំពោះចៅប្រុស ចៅស្រីជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភកិ្ដ សហសេវិកដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ លោកជំទាវ ឈរ ណារី ត្រាំ អ៊ីវតឹក និងគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕