(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ជាគម្រប់រយៈពេលមួយខែគត់ ដែលក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅអតីតតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។ រយៈពេលមួយខែនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៤ម៉ឺននាក់ ខណៈការចាក់ដូសទី២ បានជិត ៦៩ម៉ឺននាក់។
របាយការណ៍របស់ក្រសួងការពារជាតិ បានបង្ហាញថា គិតពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហមនេះ ចាក់ជូនប្រជាពលរដ្ឋបានចំនួន ៩៣៦,៩៨៤នាក់ ស្រី ៤៩៩,៣២៥នាក់ ហើយការចាក់ដូសទី២ បានចំនួន ៦៨៨,៧៥២នាក់ ស្រី ៣៦១,៤៩៥នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា បានដាក់ចេញបទបញ្ជាឱ្យចាក់ស្រោចវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមចាប់ពីអាយុ១៨ឆ្នាំឡើង ដើម្បីបង្កើតភាពសុាំ និងដើម្បីការពារប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ដែលពេលនោះកំពុងផ្ទុះខ្លាំងនៅអតីតតំបន់ក្រហមនេះ។
ដោយសារអតីតតំបន់ក្រហមជាតំបន់ស្មុគស្មាញ និងជាតំបន់ប្រឈមការឆ្លងជំងឺកូវីដ១៩ខ្លាំងនោះ សម្តេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហមនេះជូនទៅខាងកងទ័ព។ ក្រោយទទួលបានបទបញ្ជានេះ ក្រុមគ្រូពេទ្យរបស់កងទ័ព ក៏បានចាប់ផ្តើមបើកប្រតិបត្តិការចាក់វ៉ាក់សាំងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
ការចាក់វ៉ាកសាំងនៅអតីតតំបន់ក្រហមនេះ ដំបូងឡើយគ្រោងនឹងចាក់នៅក្នុងខណ្ឌចំនួន៤ប៉ុណ្ណោះ រួមមាន៖ ខណ្ឌមានជ័យ ពោធិ៍សែនជ័យ ដង្កោ និងកំបូល ជាមួយចំនួនប្រជាពលរដ្ឋត្រូវចាក់ត្រឹមជាង ៥០ម៉ឺននាក់ប៉ុណ្ណោះ។ តែក្រោយមកតំបន់ចាក់វ៉ាក់សាំងត្រូវបានពង្រីករហូតដល់៦ខណ្ឌ ដោយបន្ថែមខណ្ឌឫស្សីកែវ និងទួលគោក ហើយចំនួនប្រជាពលរដ្ឋត្រូវចាក់បានកើនឡើងពីជាង ៥០ម៉ឺននាក់ រហូតដល់ជាង ១លាននាក់។
ប្រតិបត្តិការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហមនេះ ដំបូងឡើយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ គ្រោងកំណត់ពេលត្រឹមមួយខែត្រូវចាក់ឱ្យចប់ទាំងដូសទី១ និងដូសទី២។ តែពេលនេះប្រតិបត្តិការមិនទាន់បញ្ចប់នៅឡើយនោះទេ ដោយសារតែទីតាំង និងចំនួនប្រជាពលរដ្ឋត្រូវចាក់បានកើនឡើង។
បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចាត់ទុកប្រតិបត្តិការនេះ គឺទទួលបានជោគជ័យយ៉ាងធំធេង និងជាប្រវត្តិសាស្ត្រ ព្រោះរយៈពេលកងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ១លាននាក់។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ដូច្នេះ «និយាយពីបេសកកម្មរបស់យើងរយៈពេលមួយខែ គឺមហាជោគជ័យ ព្រោះកាលមុនយើងទទួលបានតែ៤ខណ្ឌទេ ហើយយើងធ្វើផែនការក្នុងរយៈពេលមួយខែយើងចាក់៤ខណ្ឌហ្នឹងឱ្យហើយ។ ឥឡូវយើងមើលបរិមាណបើ៤ខណ្ឌនេះ វា ៥២ម៉ឺន ឥឡូវយើងចាក់ជាង ៩០ម៉ឺនហើយ អ៊ីចឹងវាលើសលុបលើបញ្ហាចំនួន។ អ៊ីចឹងវាជោគជ័យទាំងស្រុងតែម្តង»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ជោគជ័យនេះសម្រេចទៅបានដោយសារមានការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការតាមដានជាប់ជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ជោគជ័យនេះ ក៏មិនអាចសម្រេចទៅបាននោះឡើយបើគ្មានលះបង់ ការប្តេជ្ញាចិត្ត និងការតស៊ូជម្នះដ៏មុះមុតរបស់កងទ័ពជាក្រុមការងារចាក់វ៉ាក់សាំងមកពីគ្រប់អង្គភាព ការចូលរួមសហការដ៏ស្អិតល្មួតពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះភាពអំណត់ និងតស៊ូនៃយុទ្ធមិត្តរបស់លោកក្នុងបេសកកម្មចាក់វ៉ាក់សាំងនៅតំបន់ក្រហមនេះ។ លោក ឥត សារ៉ាត់ ក៏បានអរគុណចំពោះការលះបង់ និងស្មារតីទទួលខុសត្រូវលើភារកិច្ច ហើយសង្ឃឹមថា យុទ្ធមិត្តទាំងអស់បន្តប្រកាន់ខ្ជាប់ស្មារតីទាំងនេះ ដើម្បីសម្រេចនូវបេសកកម្មផ្សេងទៀត ដែលរាជរដ្ឋាភិបាលដាក់ជូន។
បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ការចាក់វ៉ាក់សាំងដូសទី១ នៅអតីតតំបន់ក្រហមទាំង៦ខណ្ឌ គ្រោងនឹងបិទបញ្ចប់នៅក្នុងសប្តាហ៍នេះ។
មហាជនបានសម្តែងការស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដែលបានប្រឹងប្រែងប្រកបដោយស្មារតីខ្ពស់ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម បើទោះបីត្រូវប្រឈមការឆ្លងជំងឺកូវីដ១៩ ហើយត្រូវនឿយហត់យ៉ាងណាក៏ដោយនោះ។ ជាពិសេសក្រុមការងារបានចាក់វ៉ាក់សាំងនៅក្នុងល្បឿនមួយលឿន។
ប្រជាពលរដ្ឋរស់នៅអតីតតំបន់ក្រហមសុទ្ធតែបានបង្ហាញនូវក្តីរីករាយក្រោយពួកគេបានទទួលវ៉ាក់សាំង។ ពួកគេបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ និងផ្តល់អាទិភាពជូនពួកគេក្នុងការទទួលបានវ៉ាក់សាំង។ ពួកគេក៏បានថ្លែងអំណរគុណដល់កងទ័ព ដែលរាល់ពេលជាតិ និងប្រជាជនមានទុក្ខលំបាក តែងចេញប្រតិបត្តិការជួរមុខ ដើម្បីដោះស្រាយរាល់ការលំបាកទាំងឡាយ៕