(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលចំណូលជាង ១៦៦.៨១លានដុល្លារ ពីការនាំចេញអង្ករជាង ២៣៣ ០៣១តោន ទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៧ប្រទេស ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា បរិមាណអង្ករសរុបជាង ១២ម៉ឺនតោន ឬជិត៥២% ត្រូវបាននាំទៅកាន់ប្រទេសចិនរួមទាំង ហុងកុង និងម៉ាកាវ ដែលគិតជាទឹកប្រាក់ចំនួន ៧៧.៥២លានដុល្លារផងដែរ។
សហព័ន្ធស្រូវអង្ករបានបញ្ជាក់ថា ចំពោះវិបត្តិកូវីដ១៩ ដែលប៉ះពាល់ដល់ចរន្តនៃលំហូរពាណិជ្ជកម្ម និងវិស័យផ្សេងដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្មអន្តរជាតិជាអាទ៍ កង្វះកុងតឺន័រ និងការឡើងថ្លៃដឹកជញ្ជូនផ្លូវឆ្ងាយតាមសមុទ្រ ជាពិសេសទៅសហគមន៍អឺរ៉ុប បានធ្វើឲ្យបរិមាណនៃការនាំអង្ករចេញ ជារួមបានធ្លាក់ចុះជាង ៣៤% ហើយទីផ្សារដែលប៉ះពាល់ធំជាងគេ គឺទីផ្សារសហគមន៍អ៊ឺរ៉ុបដែលធ្លាប់កាន់ចំណែកនៃការនាំចេញសរុបជាង៣៤% ប្រហែលគ្នាទៅនឹងទីផ្សារចិន ដែលមានចំនួន ៣៨% នៅក្នុងរយៈពេល៥ខែដូចគ្នា នៅក្នុងឆ្នាំ២០២០។
បើគិតជាបរិមាណ គឺប្រមាណជាង ១២ម៉ឺនតោន នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២០ មកត្រឹមជិត៦ម៉ឺនតោន ឬជាង ២៥% នៃការនាំចេញសរុបក្នុង៥ខែ ឆ្នាំ២០២១។ ក្រៅពីនេះការនាំចេញទៅប្រទេសផ្សេងៗដូចជាសហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះពីជាង ២០០០តោន មកត្រឹមជាង ២០០តោនផងដែរ។
ប្រសិនបើក្រឡេកមកលើតម្លៃនៃការដឹកជញ្ជូន នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ តម្លៃសម្រាប់កុងតែន័រ ២០ហ្វីត ពីតំបន់អាស៊ីអាគ្នេយ៍ ទៅសហគមន៍អ៊ឺរ៉ុប មិនលើសពី១៥០០ដុល្លារសហរដ្ឋអាមេរិកនោះទេ តែនៅក្នុងត្រីមាសទី១ឆ្នាំ ២០២១ បានកើនឡើងរហូតដល់ជិត ៨០០០ដុល្លារ/TEU ក្នុងមួយកុងតែន័រ ២០ហ្វីត។ តម្លៃនៃការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនពីជាង ២៥០០ដុល្លារទៅ ១៤ ០០០ដុល្លារ/FEU ក្នុងមួយកុងតែន័រ ៤០ហ្វីត ហើយនឹងបន្តកើនឡើងនៅក្នុងខែមិថុនាខាងមុខនេះទៀត។
សម្រាប់ខែឧសភា ឆ្នាំ២០២១ កម្ពុជាបាននាំចេញអង្ករចំនួន ៤០ ៥៣៦តោន ទទួលបានទឹកប្រាក់ ២៦.៧១លានដុល្លារសហរដ្ឋអាមេរិក ហើយទីផ្សារដែលធំជាងគេ គឺប្រទេសចិន ៤០%, ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន៣០%, ទីផ្សារក្នុងអាស៊ានជិត១២%, និង ទីផ្សារបណ្តាប្រទេសផ្សេងៗមានជិត ១៨%។
រីឯប្រភេទអង្ករនាំចេញក្នុងខែឧសភានេះមានដូចជា អង្ករក្រអូបបាននាំចេញ ៧៤%, ចំពោះអង្ករសគ្រាប់វែងវិញបាននាំចេញ ២១%, អង្ករចំហុយ ៣%, និងចុងក្រោយ ២% គឺអង្ករសរីរាង្គ៕