(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
យោងតាមសាររំលែកមរណទុក្ខនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានឱ្យដឹងថា «ខ្ញុំពិតជាមានសេចក្តីតក់ស្លុតរន្ធត់ក្នុងចិត្តឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំថា ឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ»។
ក្នុងវេលាដ៏សែនសង្វេគនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបង្ហាញអារម្មណ៍ក្តុកក្តួលថា៖ «ខ្ញុំសូមសម្តែងនូវសមានទុក្ខ និងសោកស្តាយអាឡោះអាល័យឥតឧបមា ជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ដែលបានបាត់បង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបទៅដោយព្រហ្មវិហារធម៌ ដ៏ឧត្តុង្គឧត្តមចំពោះកូនៗចៅៗ គ្រប់រូបផងដែរ។ ការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក នាពេលនេះ គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលពោរពេញទៅដោយចំណេះដឹង និងបទពិសោធន៍យ៉ាងក្រាស់ក្រែល ព្រមទាំងជាឥស្សរជនឆ្នើមថ្នាក់ជាតិមួយរូប ដែលបានលះបង់ តស៊ូ ប្រឹងប្រែងគ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើផលប្រយោជន៍ជូនប្រជាជន និងជាតិមាតុភូមិ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕