(ភ្នំពេញ)៖ សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី១៤មីនាឆ្នាំ២០១៦ បានប្រកាសស្វាគមន៍ លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលបានយល់ព្រមលុបចោល ការធ្វើលិខិតថ្កោលទោស និងកំណត់អាយុមន្ត្រីសហជីពពី២៥ឆ្នាំ មកត្រឹមអាយុ១៨ឆ្នាំ។
លោកគឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានប្រកាសថា ដំណើរការពិភាក្សាក្នុងយន្តការត្រីភាគី នាដំណាក់កាលចុងក្រោយនេះ គណកម្មការចំពោះកិច្ចបានសម្រេចលទ្ធផល ជាផ្លែផ្កាក្នុងកិច្ចប្រជុំរបស់ខ្លួន។
កិច្ចប្រជុំបានយល់ព្រមលុបចោលការធ្វើលិខិតថ្កោលទោស និង កំណត់អាយុមន្ត្រីសហជីពពី២៥ឆ្នាំ មកត្រឹមអាយុ១៨ឆ្នាំ ដែលចំណុចនេះបានបើកទូលាយ ដល់សហជីពធ្វើសកម្មភាពកាន់តែទូលំទូលាយថែមទៀត។
លោកគឹម ចាន់សំណាងបន្តថា សហជីពរបស់លោកសូមគាំទ្រ ចំពោះការបង្កើតច្បាប់សហជីព និងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាបាននូវសិទ្ធិសេរីភាព ព្រមទាំងគាំទ្រចំពោះការចាត់វិធានការ ចំពោះបុគ្គលទាំងឡាយណា ដែលរើសអើងចំពោះសហជីពឬយកសហជីព ធ្វើជាមធ្យោបាយសម្រាប់បម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមរបស់ខ្លួនមិនបម្រើផលប្រយោជន៍ ទូទៅរបស់កម្មករនិយោជិត ដែលធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ និងសុខុដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
បន្ទាប់ពីច្បាប់នេះត្រូវបានសភាអនុម័ត ការលាបពណ៌គ្នា រវាងសហជីពនិងសហជីពត្រូវបានលុបបំបាត់។ ចំណែកការធ្វើរបាការណ៍ហិរញ្ញវត្ថុ របស់សហជីពទាំងអស់ មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ដើម្បីតម្លាភាព។ លោកក៏សូមអំពានាវដល់កម្មករ កម្មការិនីទាំងអស់ខិតខំបំពេញការងារ ហើយការអនុម័តច្បាប់នេះ គឺបានការពារសិទ្ធិ និងផលប្រយោជន៍ជូនកម្មករពិតៗ៕