(កណ្ដាល)៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជូនឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិវៀតណាម-ចិន ចំនួន ៦នាក់ ព្រមទាំងថ្នាំញៀនជិត១០០គីឡូក្រាម ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
គួរជម្រាបថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជនបរទេសចំនួន ៦នាក់ ក្នុងបទល្មើសជួញដូរ កែច្នៃ វេចខ្ចប់ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅប្រទេសវៀតណាម ព្រមទាំងរឹបអូសគ្រឿងញៀនជិត១០០គីឡូក្រាម។
ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
រយៈពេល៣ថ្ងៃ ពោលគឺថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងក្រុមជំនាញ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបដោយមានឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ, លោកឧត្ដមសេនិយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងខេត្តកណ្តាល តំណាងលោក លាវ ស្រេង និងលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាប។
ចំពោះលទ្ធផលនេះការបង្ក្រាបនេះ កម្លាំងជំនាញឆែកឆេរទីតាំង៤កន្លែងនៅ ស្រុកមុខកំពូលខេត្តកណ្ដាល, ខណ្ឌច្បារអំពៅ១កន្លែង និង៣កន្លែងនៅ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន៦នាក់ មានជនជាតិវៀតណាម១នាក់ និងចិន៥នាក់ រួមមាន៖
ទី១៖ ឈ្មោះ ង្វៀន យ៉ាំងយិន(Nguyen Van Vinh) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម
ទី២៖ ឈ្មោះ LIANG LI HUA ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។
ទី៣៖ ឈ្មោះ QIU QING WEI ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន។
ទី៤៖ ឈ្មោះ CHEN ZHI QIANG ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ។
ទី៥៖ ឈ្មោះ CHEN SHEN TANG ភេទប្រុស ជនជាតិចិន។
និងទី៦៖ ឈ្មោះ LI YI ភេទប្រុស ជនជាតិចិន។
សម្ភារដែលសម្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនរួមមានទី១៖ អិចស្តាស៊ី (MDMA) ទម្ងន់ជាង ៩៤គីឡូក្រាម, ២៖ មេតំហ្វេតាមីន (ICE) ទម្ងន់ជាង ៤២.៨៥ក្រាម, ៣៖ សារធាតុផ្សំ (P2P) ទម្ងន់ជាង ១០ គីឡូក្រាម, ៤៖ សម្ភារសម្រាប់កែឆ្នៃ វេចខ្ចប់ ជញ្ជីងថ្លឹង មួយចំនួនធំ, ៥៖ រថយន្ត ២គ្រឿង, ៦៖ អាវុធខ្លី ២ដើម (ម៉ាក CF98-9 បង់២ គ្រាប់ចំនួន ១៥គ្រាប់ និងម៉ាក P0220 បង់២ និងគ្រាប់ចំនួន ៧គ្រាប់), ៧៖ អាវុធខ្លី (កែច្នៃ) ២ដើម, ៨៖ ខ្នោះដៃ២គូ និងទី៩៖ ទូរស័ព្ទដៃចំនួន ២គ្រឿង៕