(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាពកាលពីម្សិលមិញ ដោយរោគាពាធ។
ក្នុងសារលិខិតរំលែកទុក្ខនេះ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាលទាំងអស់ មានក្តីក្តុកក្តួល រន្ធត់ចិត្ត និងសោកស្ដាយជាពន់ពេក ដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ បានទទួលមរណភាពនៅថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:២៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ ឯកឧត្តម ត្រាំ អីវតឹក គឺជាការបាត់បង់នូវស្វាមី បិតា និងជីតា ដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រហ្មវិហារធម៌ និងជាកុលបុត្រដ៏ប្រពៃ និងជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប ធ្លាប់បានធ្វើ ពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែង នូវមរណទុក្ខដោយក្តីស្រណោះ អាឡោះអាល័យ ជាមួយ លោកជំទាវ បុត្រា បុត្រី ចៅៗ និង ក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព ហើយសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តមត្រាំ អីវតឹក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពរបស់ លោកនឹងត្រូវបូជា នៅមេរុ មុខវត្តបុទុមវត្តី ដូចទៅនឹងឥស្សរជនជាន់ខ្ពស់ដទៃទៀតដែរ៕