(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
យោងតាមសាររំលែកមរណទុក្ខ នេះ បានឱ្យដឹងថា «គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ ឯកឧត្តម ត្រាំ អ៉ីវតឹក សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានទទួលមរណភាពកាលពីថ្ងៃ អង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖២៥នាទីរសៀល ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងគុណបំណាច់របស់ ឯកឧត្តម ត្រាំ អ៉ីវតឹក ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប បានរួមចំណែកយ៉ាងសកម្មជាមួយគណបក្ស និងធ្លាប់បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយលោកជំទាវ ឈរ ណារី ជាភរិយា និងក្រុមគ្រួសារនៃសព ហើយសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក បានទៅកាន់សុគតិភពកុំបីខានឡើយ»។
សូមបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយ រោគាពាធ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស។
បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕