(កំពង់ឆ្នាំង)៖ ដើម្បីឆ្លើយតបផែនការហ្វឹកហ្វឺនប្រចាំឆ្នាំលេខ៤៩/២០១៦ ផ.ក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នេះបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៥៣រូប មកពីទីបញ្ជាការកងរាជអាវុធហត្ថ១៥រូប ចាប់ពី ថ្នាក់ជំនួយការ ដល់នាយការិយាល័យ និងមកពីមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ រួមនិងស្នាក់ការ០៤ ចំនួន៣៨រូប ចាប់ពីថ្នាក់បុគ្គលិក ជំនួយការ ដល់មេបញ្ជាការ មេបញ្ជាការរង ស្រុក-ក្រុង និងស្នាក់ការសន្តិសុខ ។
ថ្លែងក្នុងកិច្ចបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងាជអាវុធហត្ថ ឆមាសទី១ ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ បានបញ្ជាក់ថា មន្ត្រីអាវុអហត្ថទាំងអស់ជាសិក្ខាកាមត្រូវខិតខំយកចិត្តទុកដាក់ដើម្បីបំប៉នចំណេះដឹងផ្នែកជំនាញ និងសីលធម៌អត្តចរិក វិន័យក្នុងនាមជាមន្ត្រីកងរាជអាវុធហត្ថ ដែលកំពុងប្រតិបត្តិការក្នុងមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ ឆ្ពោះទៅការអនុវត្តជាក់ស្តែងនៅមូលដ្ឋានរបស់ខ្លួន ទទួលបានជំនឿជឿជាក់ពីប្រជាពលរដ្ឋនូវសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ការពារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានបន្តថា សិក្ខាកាមជាមន្ត្រីកងរាជអាវុធហត្ថដែលចូលវគ្គ ចាប់ពីថ្ងៃនេះត្រូវយកចិត្តទុកដាក់តាមដានស្តាប់ និងចូលរួមបកស្រាយរាល់ចំងល់ដើម្បីស្វែងយល់អោយបានស៊ីជម្រៅលើខ្លឹមសារមេរៀននីមួយៗ ដើម្បីយល់ដឹងពីច្បាប់ ធ្វើតាមនីតិវិធី គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ ឈរលើការទទួលខុសត្រូវខ្ពស់ ។
ចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក សុទ្ធសំអោក ក្នុងនាមជាគ្រូបានថ្លែងថា មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់សិក្សា និងស្វែងយល់អំពី និតិវិធីក្រមព្រហ្មទណ្ឌ ដើម្បីមានភាពងាយស្រួលក្នុងការបំពេញតួនាទីភារកិច្ចអោយចំគោលដៅ ៕