(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
យោងតាមសាររំលែកមរណទុក្ខជូនចំពោះ លោកស្រី ឈរ ណារី ត្រាំ អ៉ីវតឹក ព្រមទាំងក្រុមគ្រួសារ, លោក គន់ គីម បានថ្លែងថា៖ «តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងភរិយា មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែនក្រៀមក្រំយ៉ាងក្រៃលែងចំពោះមរណភាពលោក ត្រាំ អ៉ីវតឹក នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ»។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមសម្តែងនូវការសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាការបាត់បង់នូវស្វាមីសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
សូមចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនាចែករំលែកទុក្ខដោយក្តីក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា៕