(ភ្នំពេញ)​៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា(CCTU) បានស្នើសុំរដ្ឋសភាជាតិមេត្តាយកសំណើមួយចំណុចរបស់ខ្លួន គឺការបង់វិភាគទាន១ភាគរយ របស់កម្មករចូល​សហជីពទៅក្នង​ច្បាប់ស្តី​ពី​សហជីព​ ដែលនឹងត្រូវអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ​ ព្រោះសេចក្តីព្រាងច្បាប់ថ្មីបានកំណត់ឲ្យសហជីពរាយការណ៍ពីគណនេយ្យភាពសហជីពប្រចាំខែ​ ត្រីមាស​ ឆមាសនិងប្រចាំឆ្នាំ​ ដែលបង្ហាញ​ពីតម្លាភាព​ ។

លោក​ ជួន​ មុំថុល​ ប្រធានCCTUបានថ្លែងនៅក្នុងសន្និសីទ កាសែតនាព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦នេះថា ក្នុងនាមតំណាងឲ្យសហភាពសហជីព​ទាំងមូលលោកសូមស្វាគមន៍​ចំពោះសេចក្តី​ព្រាង​ច្បាប់​ស្តីពីសហជីពដែល បានចាប់ផ្តើមពិភាក្សា ដែលរៀបចំសេចក្តីព្រាង ច្បាប់ដោយអ្នកជំនាញរបស់អង្គការអន្តរជាតិ (ILO) ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ តាំងពី ឆ្នាំ២០០៨មក ដោយ​បាន​ចូលរួមពិភាក្សាជាច្រើនលើកច្រើនសារ លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ ដែលមាន ទម្រង់ស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីអំពីការងារ និងអនុសញ្ញាអន្តរជាតិលេខ ៨៧ និងលេខ៩៨។

លោកជួន​ មុំថុល បានបន្តទៀតថា ​ ក្នុងកិច្ចពិភាក្សាថ្មីៗនេះ នៅក្រុមការងារនៅរដ្ឋសភាភាគីទាំងអស់ បានយល់ស្របបញ្ជូលការថង់វិភាគទាន១ភាគរយ ចូលក្នងសហជីពដើម្បីទ្រទ្រង់​សកម្មភាពរបស់​សហជី​ព​ ប៉ុន្តែត្រូវបានភាគី ILO សុំដកចេញ។  

លោកនៅតែទទូចសុំឲ្យរដ្ឋសភាជាតិមេត្តាពិនិត្យ​ចំណុចនេះឡើងវិញ​ ហើយអនុម័តចូលក្នុងច្បាប់​សហជីព​ ដើម្បីអនុវត្តទាំងអស់គ្នា​ ។

ទាក់ទិននឹងបញ្ហានេះដែរលោក​ជួន​ មុំថល​ បានអះអាងថា ក្រោយពីច្បាប់ស្តីពីសហជីពបាន យកមកអនុវត្តហើយនោះ នឹងមានអ្នកវិនិយោគថ្មីៗ មកបណ្តាក់ទុនរកស៊ីបន្ថែមទៀត​ដោយសារតែច្បាប់ថ្មី​បានការពារផលប្រយោជន៍​ដល់ភាគីទាំងអស់។

លោកសូមស្នើឲ្យ ក្រសួងការងារនិង អង្គការ អន្តរជាតិ (ILO) រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់បង្កើត យន្តការនានាលើការផ្សព្វផ្សាយច្បាប់នេះឲ្យបានទូលាយ ដល់ក្រុមអង្គភាពវិជ្ជាជីវៈ​គ្រប់ស្រទាប់​កម្មករ​និយោជិត ដើម្បីធានាការ អនុវត្តមានប្រសិទ្ធភាព និងតម្លាភាពស្របតាមការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យការងារនាពេលបច្ចុប្បន្ន និងទៅអនាគត៕