(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី៤ ត្រូវជាឆ្នាំទី១០ (លើកទី១០) គិតចាប់តាំងពីឆ្នាំ២០១២មក សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានគណៈប្រតិភូដឹកនាំដោយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ថវិកាចំនួន ១លានដុល្លារនេះ ក៏ត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលតំណាងដោយ លោកវេជ្ជ. Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស ក្នុងពេលនោះដែរ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានសម្តែងនូវក្តីសោមស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញដល់របស់គណៈប្រតិភូ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរជូនចំពោះគណៈប្រតិភូ ក៏ដូចជាស្ថាបនិក-ថ្នាក់ដឹកនាំ នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា។
ជាពិសេស ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាកម្មសុខភាព ជូនស្ត្រីមានផ្ទៃពោះ និងកុមារកម្ពុជារាប់ពាន់ម៉ឺននាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ លោកស្រី បានជម្រាបជូនអំពីសកម្មភាពកៀរគររកមូលនិធិ ក្នុងទិវា ៨ឧសភា និងការអនុវត្តសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះដោយទឹកជំនន់នាពេលកន្លងមក។
ជាកិច្ចឆ្លើយតប លោក រស់ សីលវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលខិតខំស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ហើយបានបន្តចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះបានបង្ហាញពីការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ដែលជាមូលធនមនុស្សនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកបានរៀបរាប់ពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបាននិងកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការថយចុះនៃទំហំថវិកាបរិច្ចាគ ពីសំណាក់សប្បុរសជននានា។
ជាមួយគ្នានេះ លោកវេជ្ជ. Denis Laurent ក៏បានសម្តែងនូវការដឹងគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាជាបន្តបន្ទាប់ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាពេលនេះ។ នេះជាការឧបត្ថម្ភដ៏ថ្លៃថ្លា សម្រាប់ជួយសង្គ្រោះអាយុជីវិតដល់កុមារទាំងអស់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារគន្ធបុប្ផា។
សូមបញ្ជាក់ថា នេះជាលើកទី៤ ដែលកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ១លានដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយដែលត្រូវជាឆ្នាំទី១០ (១០លើក) សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា គិតចាប់តាំងពីឆ្នាំ២០១២ បន្តបន្ទាប់មក៕