(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនគ្រប់ភេទ តំណាងឱ្យលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានបើកប្រជុំការងារ ដើម្បីពិភាក្សាស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្ត ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះ សំដៅពង្រឹងបន្ថែមទៀត ក្នុងការស្រាវជ្រាវបង្រ្កាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទពិសេសស្រាវជ្រាវរកមេខ្យល់ដែលនាំពលករចេញ-ចូល ប្រទេសថៃ ក៏ដូចជានាំពលករគេចចេញពីការធ្វើចត្តាឡីស័ក។
នាឱកាសនោះដែរ លោកបានកោតសរសើរដល់កងកម្លាំងជួរមុខគ្រប់ប្រភេទដែលបានលះបង់ កម្លាំងកាយចិត្ត និងឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់ ដើម្បីជាតិមាតុភូមិ ដោយឃើញផ្ទាល់នូវទុកលំបាករបស់កងកម្លាំងជួរមុខនោះ លោកបានសន្យាថានឹងពាំនាំបញ្ហាប្រឈមទាំងនេះ ជម្រាបជូនដល់ថ្នាក់ដឹកនាំខេត្ត ដើម្បីដោះស្រាយជូនក្នុងពេលឆាប់ៗនេះ។
ក្រោយពីបញ្ចប់កិច្ចប្រជុំលោក ណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យច្រកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ (ច្រក៤០០) ផងដែរ៕