(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសហរដ្ឋអាមេរិក ឱ្យពិនិត្យឡើងវិញលើកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងការបញ្ជូនពលរដ្ឋខ្មែររស់នៅលើទឹកដីអាមេរិក ឱ្យត្រឡប់មកកម្ពុជាវិញ នៅពេលពួកគេបានប្រព្រឹត្តទោសទណ្ឌអ្វីមួយនោះ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Wendy Ruth Sherman នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ធ្លាប់បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកឱ្យត្រឡប់មកកម្ពុជាវិញ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសឱ្យត្រឡប់មកមាតុភូមិវិញ ក្រោយពេលអនុវត្តទោសរួចរាល់។
ប៉ុន្តែកាលពីចុងឆ្នាំ២០១៧ ការបញ្ជូនពលរដ្ឋខ្មែរពីអាមេរិកត្រូវបានខកខាន ដោយសារតែសហរដ្ឋអាមេរិក មិនព្រមតាមសំណើកម្ពុជា ដែលស្នើឱ្យកែប្រែលក្ខខណ្ឌមួយចំនួន នៅក្នុងកិច្ចព្រមព្រៀងនេះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានតវ៉ាច្រើនលើរឿងនេះ ដោយសារសម្តេច បានចាត់ទុកលក្ខខណ្ឌនេះជាការពង្រាត់គ្រួសារខ្មែរដែលរស់នៅលើទឹកដីអាមេរិក។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសនៅរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ពិចារណាលើលក្ខខណ្ឌនេះឡើងវិញ។
បើតាមលោក អ៊ាង សុផល្លែត, លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានយល់ព្រមយកសំណើរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ជូនលោក ចូ បៃដិន ពិនិត្យ និងពិចារណា៕