(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ នៃការរៀបចំពិធីបុណ្យទន្លេ នៅខេត្តកំពង់ចាម នាឆ្នាំ២០១៦នេះ បានទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ៥៥ម៉ឺននាក់ ដែលក្នុងនោះមានទាំងអ្នកទេសចរ ក្នុងខេត្តកំពង់ចាមផង និងតាមបណ្តារាជធានី-ខេត្តផ្សេងៗផង។ នេះបើតាម លោក ស៊ាន សាគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម។
លោក ស៊ាន សាគុណ បាននិយាយថា ស្ថានភាព៣ថ្ងៃនៃការរៀបចំបុណ្យទន្លេ មានលក្ខណៈល្អប្រសើរទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថាន ដោយបង្កបរិយាកាសរីករាយដល់អ្នកចូលរួម។
បុណ្យទន្លេលើកទី២ បានធ្វើឡើងនៅខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ ពីថ្ងៃទី១១ ដល់ទី១៣ ខែមីនា ឆ្នាំ២០១៦។ ពិធីបុណ្យនេះត្រូវបានបង្កើតឡើង ដើម្បីផ្សព្វផ្សាយឱ្យភ្ញៀវទេសចរ ទៅកាន់ខេត្តជាប់ដងទន្លេ និងស្គាល់វប្បធម៌ប្រពៃណីខ្មែរផងដែរ។ បុណ្យមិនខុសអ្វីនឹងឆ្នាំមុន ដោយមានការតាំងពិព័រណ៍ ការប្រគំតន្រ្តី និង កម្មវិធីសិល្បៈចម្រៀងប្រពៃណី ទាក់ទងនឹងសិល្បៈវប្បធម៌ខ្មែរ ជាពិសេសវប្បធម៌របស់ខេត្តដែលបានប្រារព្ធបុណ្យនេះ។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំពិធីបុណ្យទន្លេនេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ខេត្តជាប់ដងទន្លេ ហើយពិធីបុណ្យទន្លេនេះ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃតំបន់ជាប់ដងទន្លេកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកយ៉ាងសំខាន់ ដល់ការគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។
កាលពីឆ្នាំមុន កម្ពុជាបានរៀបចំបុណ្យទន្លេលើកដំបូង នៅខេត្តក្រចេះ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅកាន់ខេត្តនេះ។ ខេត្តក្រចេះដែលមានការ ទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ ដោយអន្លង់ផ្សោត និងរមនីយដ្ឋានមួយចំនួនទៀត ក៏ទទួលបានភ្ញៀវទេសចររាប់ម៉ឺននាក់ដែរ នៅពេលរៀបចំបុណ្យទន្លេ៕