(កំពង់ឆ្នាំង)៖ លោកស្រី ពេជ ចន្ទមុន្នី ភរិយាលោក ហ៊ុន ម៉ាណែត រួមដំណើរដោយក្រុមការងារមួយចំនួនទៀត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន១០ ជូនដល់ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិចំនួន៣ គឺភូមិសន្លង់ ភូមិកណ្តាល និងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសជួបជាមួយ ប្រជាពលរដ្ឋដែលទទួលអាស្រ័យផលអណ្តូងទឹកនេះ លោកស្រី ពេជ ចន្ទមុនី បានឲ្យដឹងថា អំណោយអណ្តូងទឹកនេះ គឺជាអំណោយកេរ្តិ៍មរតក របស់អ្នកឧញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាឪពុកម្តាយបង្កើត របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានទទួលអនិច្ចកម្មទៅហើយ ប៉ុន្តែគាត់ គឺជាមនុស្សដែលចូលចិត្តធ្វើបុណ្យសន្សំកុសល តែងតែគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមទីជនបទ ជាពិសេសទាក់ទងទៅ និងការខ្វះខាត់ទឹកប្រើប្រាស់នេះ។
លោកស្រីបន្តថា កាលពីលោកនៅមានជីវិត លោកគឺជាមនុស្សដែលមានចិត្តសប្បុសធម៌ ដែលបានបរិច្ចាគទ្រព្យធនជាច្រើន ក្នុងវិស័យមនុស្សធម៌ដូចជាការកសាង វត្តអារាម សាលា រៀន របង និងទ្រព្យសម្បត្តិសាធារណៈមួយចំនួនទៀត។ ដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅសំរេចយកថវិកា ដែលនៅសេសសល់មកធ្វើជាមូលនីធិ អណ្តូងទឹកស្អាតដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា។
ប្រពលរដ្ឋដែលចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផល នៃអណ្តូងទឹកស្អាតបានមានអារម្មណ៍ សប្បាយរីករាយពេលដែលបានអណ្តូងទឹកនេះ សំរាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងក្រុមគ្រួសារ ដែលបានយកចិត្តទុកដាក់ ចំពោះតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងឪកាសនោះដែរ សមាគមគ្រូទេព្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានចុះជួយពិនិត្យនិងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំពេទ្យមួយចំនួនទៀត។ លើសពីនោះទៀតបើមានបងប្អូន ប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ កាយសម្បទាខុសពីប្រក្រតី ហើយគ្មានលទ្ឋភាពព្យាបាល លោកស្រី ពេជ ចន្ទមុនី និងក្រុមគ្រូពេទ្យ បានសំរេចនិងទទួលយកមកព្យាបាល នៅរាជធានីភ្នំពេញ ដោយមិនគិតពីពូជសាសន៍ និន្នាការនយោបាយអ្វីនោះទេ។
សូមជម្រាបថា សព្វថ្ងៃនេះមូលនីធិអណ្តូងទឹកស្អាត បានធ្វើជួនប្រជាពលរដ្ឋបានជាង២០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ ឲ្យប្រើប្រាស់ជាផ្លូវការជាង ១០០អណ្តូង៕