(ព្រៃវែង)៖ ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យដូចពេលបច្ចុប្បន្ន ប្រជាជនមានជីវភាពធូរធា និងសំបូរសប្បាយ គឺដោយសារតែការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដូច្នេះសមាជិកសមាជិកាបក្សត្រូវចេះរួបរួមសាមគ្គីគ្នា ចុះបម្រើប្រជាពលរដ្ឋ កុំជឿតាមការញុះញ៉ុងអកុសល ដែលនាំឱ្យប្រទេសជាតិ ធ្លាក់ចូលក្នុងគ្រោះមហន្តរាយ ដូចក្នុងរបរប្រល័យពូជសាសន៍ប៉ុលពត។
នេះជាលើកឡើងរបស់លោក ប៉ុល ពិធេយ្យ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពពឺស ស្រុកស្វាយអន្ទរ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាង៨០០នាក់ ស្ថិតក្នុងឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
ក្រោយពីលោក ពា ហោ ប្រធានគណៈកម្មាធិការគណបក្សឃុំពពឺស ធ្វើរបាយការណ៍ស្វាគមន៍ និងលោក ភោគ សុផល អនុប្រធានគណៈកម្មាធិការបក្សស្រុកស្វាយអន្ទរ ឡើងអាននូវខ្លឹមសារនៃមហាសន្និបាតរួចមក លោក ប៉ុល ពិធេយ្យ បានផ្តាំផ្ញើនូវការនឹករលឹក ពីសំណាក់លោក នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ ជាពិសេសសម្តេចក្រឡាហោមសខេង ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅប្រចាំថ្ងៃ របស់បងប្អូនគ្រប់ពេលវេលា។
លោកបានបន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំ និងនយោបាយឈ្នះៗរបស់គណបក្សប្រជាជនកម្ពុជា គឺបានធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ឋនានា នៅក្នុងប្រទេស បាននឹងកំពុងតែរីកដុះដានជាបន្តបន្ទាប់គួរជាទីមោទនៈ ប្រជាពលរដ្ឋមានជីវភាពធូរធា មានចំណេះដឹងកាន់តែច្រើន និងដើរទន្ទឹមគ្នាជាមួយបច្ចេកវិទ្យារីកចំរើន ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានលើកឡើងអំពីគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន ដែលបានឆក់យកជីវិតយ៉ាងឆាប់រហ័ស និងធ្វើផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ដែលនាំឱ្យបាត់បង់ជីវិត និងខាតបង់ថវិការ៕