(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក គូ ម៉ាម៉ារូយូជិ អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារកំពស់បីជាន់ និងបំពាក់ដោយសម្ភារពេទ្យទំនើប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ជូនដល់មន្ទីពេទ្យខេត្តស្វាយរៀង ដោយមានការចូលរួមថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ ប្រមាណ៦៥០នាក់ ដែលអាគារនេះត្រូវចំណាយលុយ អស់ជាង៩លានដុល្លារ។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងថា វិស័យសុខាភិបាលនៅខេត្តស្វាយរៀង មានការរីកចំរើនយ៉ាងខ្លាំង ដោយទទួលបានការឧបត្ថម្ភជាបន្តបន្ទាប់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត សប្បុរសជន នូវសម្ភារបរិក្ខាពេទ្យ ឱសថ រថយន្តសង្គ្រោះ និងអគារដ៏ស្កឹមស្កៃមួយខ្នង កំពស់បីជាន់ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
លោកថា ជាក់ស្តែងក្នុងថ្ងៃនេះយើងបានបញ្ចុះបឋមសិលាសាងសង់ អាគារកំពស់បីជាន់ មួយខ្នងទៀត និងបំពាក់ដោយសម្ភារពេទ្យទំនើប ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA គ្រោងនឹងបញ្ចប់ក្នុងអំឡុង ខែមេសា ឆ្នាំ២០១៧ ។
លោក កែរ រដ្ឋា បានបន្តទៀតថា ចំពោអគារនេះត្រូវសង់លើផ្ឌៃដីទំហំ ៣,១៧៤,៩៥ ម៉ែត្រក្រឡា ត្រូវចំណាយទឹកប្រាក់អស់ ១,០៧៧,០០០,០០០ យ៉េន ស្មើនឹង ៩,៦១៦,០៧១ ដុល្លាសហរដ្ឋអាមេរិក ។ នេះជាមរតកដ៏ពិសិដ្ឋ មិនអាចកាត់ថ្លៃបាន ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កាន់តែមានភាពងាយស្រួល ក្នុងការមកទទួលសេវា និងមានទំនុកចិត្តកក់ក្តៅបន្ថែមទៀត។
លោក ម៉ម ប៊ុនហេង បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាវជ្រៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយដ៏ថ្លៃថ្លា នាឱកាសនេះ និងរាល់ជំនួយដ៏ធំធេងផ្សេងទៀត និងបានអរគុណចំពោះថ្នាក់ដឹកនាំជុំវិញខេត្ត និងធ្វើការកោតសរសើរចំពោះ មន្ត្រីសុខាភិបាលនៅខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ផ្តល់សេវាថែទាំ ព្យាបាលក្នុងកិត្តិយសថ្លៃថ្នូរ និងមានក្រមសីលធម៌វិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលថែរក្សាសុខភាព អនាម័យ ជាពិសេសកុមារតូចៗ បើរោគសញ្ញណាមិនស្រួលគួរប្រញាប់ទៅពិនិត្យ ពិគ្រោះជាមួយគ្រូពេទ្យ ដែលនៅជិតរបស់បងប្អូន៕