(ពោធិ៍សាត់)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម» នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និង ជាតំណាងឲ្យ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម និងកូដកម្ម នៅគ្រប់មុខសញ្ញា, លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ ២០០នាក់ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រី ក្នុងការដោះស្រាយវិវាទការងារ និង ទប់ស្កាត់ និងដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
លោក ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងឲ្យដឹងថា សម្រាប់ខេត្តពោធិ៍សាត់ មន្ទីរការងារ រួមជាមួយអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ និង ដោះស្រាយបញ្ហាវិវាទកើតឡើង ជាច្រើនករណីនាពេលកន្លងទៅ ហើយបញ្ហាទាំងនេះ យើងបានដោះស្រាយបញ្ចប់ ដោយសន្តិវិធី និងរលូន ជាច្រើនករណីមកហើយដូចជា ៖
១- ពាក់ព័ន្ធនឹងបញ្ហាលក្ខខ័ណ្ឌការងារ និងផលប្រយោជន៍ពិតប្រាកដ របស់កម្មករនិយោជិត ដូចជាការរើសអើងសហជីព ប្រាក់ឈ្មួលកម្មករ និងអត្ថប្រយោជន៍ផ្សេងៗ
២- មានការរំលោភច្បាប់របស់និយោជក ដូចជាការព្យួរការងារខុសនីតិវិធី ការបិទទ្វាររោងចក្រ មិនបានផ្តល់ឈ្នួលតាមច្បាប់ ប្តូរឈ្មោះ ប្តូរថៅកែរោងចក្រ សហគ្រាស ដោយមិនរក្សា អតីតភាពការងារ ការបញ្ចប់កិច្ចសន្យាមិនស្របតាមនីតិវិធីជាដើម និង
៣- ការគាំទ្រពីអ្នកនយោបាយ អង្គការ សមាគម និងសហជីព ដែលមាននិន្នការប្រឆាំរាជរដ្ឋាភិបាល ដូចជាបំផុសញុះញង់ឲ្យទាមទារតម្លើងប្រាក់អប្បបរមា ប្រាប់អត្ថប្រយោជន៍ផ្សេងៗ លើច្បាប់កំណត់ បញ្ឈប់កម្មករ ក្នុងពេលជូនដំណឹង បង្កើតសហជីព ការបើកដៃឲ្យ សហជីពខាងក្រៅ ពីក្នុង បញ្ចប់កិច្ចសន្យាក្នុងអំឡុងពេលរោងចក្រកំពុងដំណើរការ ។
លោក ពេជ សោភ័ន បានថ្លែងទៅកាន់សិក្ខាកាម ដែលបានចូលរួមទាំងអស់ សូមធ្វើការពង្រឹង និង ប្តេជ្ញាចិត្តខ្ពស់ ចំពោះព័ត៌មានបំប៉ោងសភាពការណ៍របស់ជនខិលខូច ចចាមអារ៉ាមតាមតំបន់រោងចក្រនានា ដែលជាហេតុបង្កឲ្យមានអសន្តិសុខ និង ក្តីព្រួយបារម្ភ ចំពោះបងប្អូន កម្មករតាមរោងចក្រ និងសហគ្រាស ។
លោកថា ពួកជនមួយក្តាប់តូចនេះ តែងតែបំប៉ោងព័ត៌មានលាបព័ណ៌ ទស្សនៈបែបនេះ ធ្វើឲ្យខ្មែរគ្នាឯងសម្លាប់គ្នាឯង ដូចសម័យ ប៉ុល ពត ដែលសម្លាប់មនុស្សប្រមាណជាង ៣លាននាក់ ។ ក្នុងឱកាសនោះ លោកក៏បានសូមឲ្យបងប្អូន ធ្វើការពង្រឹងបន្ថែមទៀត និង ជឿជាក់លើការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ដែលតែងតែនាំមកនូវសន្តិភាព ភាពរីកចម្រើនលើគ្រប់វិស័យ ជាពិសេសយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ។
ជាងនេះទៅទៀតសូមឲ្យបងប្អូន កុំជឿតាមឧបាយកលជនលាបពណ៌មួយក្តាប់តូច ដែលតែងតែបង្កអសន្តិសុខក្នុងសង្គម និង ធ្វើឲ្យខូចខាតដល់ផល ប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋយើង ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេលពេញមួយថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ និង បញ្ចប់នៅល្ចាចថ្ងៃដដែល តាមការគ្រោងទុក ៕