(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដែលបានទទួលមរណភាព នៅរសៀលថ្ងៃទី១ ខែមិថុនានេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
លោកស្រី និន សាផុន បានបង្ហាញក្តីក្តុកក្តួលយ៉ាងដូច្នេះថា៖ «តាងនាមគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងក្នុងនាមខ្ញុំផ្ទាល់ មានក្តីរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តម ត្រាំ អីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាពនៅរសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ»។
ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ លោកស្រីសូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យសង្វេគស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់ឯកឧត្តមទេសរដ្ឋមន្ត្រី ត្រាំ អុវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយ សង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងការបាត់នូវឥស្សរជនដ៏ឆ្នើមមួយរូបដែលពេញមួយជីវិតបានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕