(ពោធិ៍សាត់)៖ គ្រោះថ្នាក់ចរាចរណ៌មួយទៀតនៅទឹកដី ស្រុកក្រគរ ខេត្តពោធិសាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រោយពីរថយន្តដឹកអង្ករមួយគ្រឿង ចេញពីក្រុមហ៊ុន ម៉ែន សារ៉ុន បានបើកទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលមកពីមុខបណ្តាលឲ្យអ្នកបើករថយន្តដឹកអង្ករ គៀបជាប់នៅនឹងកាប៊ីន ហើយធ្លាក់ពាក់កណ្តាលខ្លួនមកក្រៅ ស្លាប់យ៉ាងអាណោចអាធ័ម។
មន្រ្តីជាន់ខ្ពស់កាកបាទក្រហមកម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News មុននេះបន្តិចថា រថយន្តដឹកអង្ករនេះមិនមែនជារបស់កាកបាទក្រហមទេ ជារបស់ក្រុមហ៊ុន ម៉ែន សារ៉ុន ដែលដឹកអង្ករទៅចែកជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យស្អែកនេះ។ មន្រ្តីរូបនោះបានបញ្ជាក់ថា រថយន្តកាកបាទក្រហមទាំងអស់ គឺស្លាកលេខរថយន្ត រដ្ឋ-៣៦។
អធិការនគរបាលស្រុកក្រគរ លោក ឯម រុន បានប្រាប់អង្គភាព Fresh News ថា គ្រោះថ្នាក់ចរាចរណ៌មួយនេះ បានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៦-១៦៧ ភូមិអូរអាចម៌កុឃុំអូរសណ្តាន់ ស្រុកក្រគរ។
លោក ឯម រុន បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង ដោយសារអ្នកបើករថយន្តដឹកអង្ករ ដែលកំពុងបើកក្នុងទិសដៅពីកើតទៅលិច ទំនងងងុយដេក ហើយរេចង្កូតទៅបុករថយន្តកុងតឺន័រ មកពីមុខបណ្តាលឲ្យរថយន្តទាំង២ រងការខូចខាតដែលរថយន្តដឹកអង្ករ ខូចមួយចំហៀងមុខស្ទើរទាំងស្រុង។
ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ពិសិដ្ឋ អាយុ៣២ឆ្នាំ រស់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ៕