(ភ្នំពេញ)៖ កន្លងមកថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាមអនឡាញ ស្ដីពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ ដូច្នេះ បានបញ្ជាក់អំពីគោលបំណង នៃការរៀបចំការបោះឆ្នោតសាកល្បងនេះ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។
លោក សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងសន្និបាតបូកសរុបការបោះឆ្នោតកន្លងមក គ.ជ.ប បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការរៀបចំការ បោះឆ្នោត ពិសេសក្នុងដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងក្នុងដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតដែលផ្ដើមចេញពីនេះ គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។
បានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បង គឺដើម្បី៖
*សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
*ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាតកូវីដ១៩ ក្នុងការិយាល័យបោះឆ្នោត
*សាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត
*សាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។
ឆ្លើយបញ្ជាក់នឹងសំណួរដែលសួរថា «ក្នុងការបោះឆ្នោតសាកល្បងនេះ តើប្រជាពលរដ្ឋត្រូវបោះឆ្នោតតាមអនឡាញ (Online) ឬយ៉ាងណា?»។
លោក សោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ។
សូមជម្រាបជូនថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២២ និងឆ្នាំ២០២៣៕