(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយសៀវភៅរបាយការណ៍ស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ ដែលបង្ហាញពីការអភិវឌ្ឍនាពេលថ្មីៗ ក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ ព្រមទាំងបញ្ហាប្រឈម។
សៀវភៅរបាយការណ៍ស្ថានភាព ស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០នេះ ពិភាក្សាពីទស្សនវិស័យ និងហានិភ័យនាពេលអនាគត ដែលវិស័យហិរញ្ញវត្ថុ នឹងជួបប្រទះក្នុងអំឡុងពេល ដែលមានភាពមិនច្បាស់លាស់នៃ សេដ្ឋកិច្ចក្នុងស្រុក ក្នុងតំបន់ និងពិភពលោក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
សៀវភៅនេះនឹងត្រូវបានប្រើប្រាស់ជាឯកសារយោង សម្រាប់បុគ្គលបម្រើការនៅក្នុងវិស័យហិរញ្ញវត្ថុ បញ្ញាវ័ន្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពី ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០២០ជាឆ្នាំប្រកបដោយបញ្ហាប្រឈម ដោយការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោក។ ដូចនឹងប្រទេសដទៃទៀតដែរ ប្រទេសកម្ពុជាត្រូវបានប៉ះពាល់ខ្លាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលធ្វើឱ្យសេដ្ឋកិច្ចមានកំណើនអវិជ្ជមាន បន្ទាប់ពីសម្រេចបានកំណើនជាមធ្យមក្នុងរង្វង់ ៨ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
ទោះបីជាមានផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ វិស័យធនាគារនៅកម្ពុជា បន្តមានភាពធន់ ដោយសារការដាក់ចេញវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នបុរេសកម្ម និងមានប្រសិទ្ធភាព។
ក្នុងស្ថានភាពមិនច្បាស់លាស់នេះ ធនាគារជាតិនៃកម្ពុជាបន្តតាមដានជាប្រចាំនូវការវិវត្តថ្មីៗ និងត្រៀមខ្លួនដាក់ចេញវិធានការ តាមការចាំបាច់ ដើម្បីបន្តរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ស្របតាមគោលនរយោបាយ របស់រាជរដ្ឋាភិបាល៕