(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា និងជាតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាលជាមួយ លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយក និងជាតំណាងមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងក្រុមការងារ។
ជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា និងការងារសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ព្រមទាំងការផ្តល់វិភាគទាន ប្រចាំឆ្នាំ នូវថវិកាចំនួន ១,០០០,០០០ដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ នារសៀលថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបនេះ លោកស្រី ពុំ ចន្ទីនី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ប្រតិភូនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលដឹកនាំដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការ និងជានាយកប្រតិបត្តិនៃមូលនិធិ, តំណាងពីមន្ទីរពេទ្យគន្ធបុប្ផា, ព្រមទាំងតំណាងមូលនិធិគន្ធបុប្ផាស្វីស ផងដែរ។
ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការ ក៏បានពាំនាំនូវក្តីនឹករលឹក និងការសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់កុមារទាំងអស់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា, ជាពិសេសក្នុងថ្ងៃនៃទិវាកុមារអន្តរជាតិ ១ មិថុនានេះ សូមឲ្យបានឆាប់ជាសះស្បើយពីជំងឺ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី បានជម្រាបជូនអំពីសកម្មភាពកៀរគរ និងទទួលថវិកាសប្បុរស និងការអនុវត្តសកម្មភាពសប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា នាពេលកន្លងមក ដូចជាការចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការលំបាកផ្នែកជីវភាព ជាពិសេសក្នុងខណៈពេល ដែលជំងឺកូវីដ-១៩ បាននិងកំពុងរាតត្បាត ក៏ដូចជាសកម្មភាពសំខាន់ៗផ្សេងៗទៀត រួមមានការចុះជួយដល់បណ្តាប្រជាជនរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមក និងប្រជាជនដែលរងគ្រោះដោយកត្តាផ្សេងៗ និងមានការលំបាកផ្នែកជីវភាព។
បន្ថែមលើសកម្មភាពមនុស្សធម៌សំខាន់ៗជាច្រើន ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្ត, ការបន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា ក៏នៅតែជាសកម្មភាពអាទិភាពសំខាន់មួយ របស់កាកបាទក្រហមកម្ពុជាផងដែរ។
ជាក់ស្តែង គិតចាប់ពីថ្ងៃនៃការបង្កើតមូលធិនិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០១៨, នេះជាលើកទី៤ ហើយដែលកាកបាទក្រហមកម្ពុជា បានផ្តល់វិភាគទានប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗនូវថវិកាចំនួន ១,០០០,០០០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា បន្ថែមលើការផ្តល់វិភាគទានជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ចាប់តាំងពីឆ្នាំ២០១២ មក ដែលក្នុងមួយឆ្នាំៗ នូវថវិកាចំនួន ១ ០០០ ០០០ ដុល្លារអាមេរិក ក្នុងគោលដៅជួយសង្គ្រោះកុមារនៅកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំទីតាំង។
ក្នុងនាមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, លោក រស់ សីលវ៉ា ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេជាស្ថាបនិក និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន និងគិតគូរដល់សុខទុក្ខប្រជាជន ជាពិសេសក្នុងកាលៈទេសៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះបីជាមានភារៈកិច្ច និងកាតព្វកិច្ចដ៏មមាញឹក ក្នុងការដឹកនាំប្រទេសយ៉ាងណាក៏ដោយ ក៏លោកទាំងទ្វេនៅតែបន្ត ផ្តោតការយកចិត្តទុកខ្ពស់លើកុមារនៅកម្ពុជា ជាប្រចាំ។
លោក រស់ សីលវ៉ា ក៏បានជម្រាបជូន លោកស្រី ពុំ ចន្ទីនី អំពីវឌ្ឍនភាពការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ ទាំងក្នុងទិដ្ឋភាពប្រតិបត្តិការ និងទិដ្ឋភាពហិរញ្ញវត្ថុ ជាពិសេសពាក់ព័ន្ធនឹងការកៀរគរមូលនិធិ ដែលបាន និងកំពុងរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានការថយចុះ នៃទំហំថវិកាបរិច្ចាគ ពីសំណាក់សប្បុរសជននានា ក៏ដូចជាការថយចុះនៃថវិកា ដែលទទួលបានពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីដ្ឋានអង្គរផងដែរ ដោយសារការធ្លាក់ចុះយ៉ាងខ្លាំង នៃចំនួនទេសចរអន្តរជាតិ។
លោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោក រស់ សីលវ៉ា និងលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ និងកៀរគរមូលនិធិ ដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារនៅកម្ពុជា។
[Forwarded from chour limhout]
លោកស្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី, ថ្នាក់ដឹកនាំ និងបុគ្គលិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា, ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ដែលបាន និងកំពុងបំពេញបេសកកម្មពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាយ៉ាងសស្រាក់សស្រាំប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
លោក រស់ សីលវ៉ា បានសម្តែងនូវការកោតសរសើរ និងសេចក្តីគោរពថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានធ្វើឲ្យកាកបាទក្រហមកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាស្ថាប័នមនុស្សធម៌ដ៏រឹងមាំមួយ នៅកម្ពុជា។
លោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក រស់ សីលវ៉ា ដែលបានចំណាយពេលវេលាក្នុងការជួបពិភាក្សា និងបានប្រគល់ ជូននូវថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ ចំនួន ១,០០០,០០០ដុល្លារអាមេរិក របស់កាកបាទក្រហមកម្ពុជា ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ប្រគល់បន្តដល់មន្ទីរពេទ្យគន្ធបុប្ផា៕