(ប៉េកាំង)៖ រដ្ឋាភិបាលចិន បានប្រកាសថាខ្លួននឹងបង្កើតតុលាការអន្តរជាតិមួយដោយខ្លួនឯង ដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ដែលបាននិងកំពុងស្ថិតនៅជាប្រធានបទក្តៅគគុកនោះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦។
តុលាការដែលគ្រោងនឹងបង្កើតនោះ គឺមានលក្ខណៈជាមជ្ឈមណ្ឌលដោះស្រាយវិវាទផ្នែកនាវាចរណ៍ ដែលគេមិនទាន់ដឹងពីពេលវេលាជាក់លាក់ នៅក្នុងការបង្កើតនោះទេ ប៉ុន្តែវានឹងអាចជួយឲ្យប្រទេសចិន ក្លាយជាមហាអំណាច ផ្នែកនាវាចរណ៍នៅក្នុងតំបន់ជាក់ជាមិនខាន។
ដោយឡែកសម្រាប់ជម្លោះដែនកោះវិញ ប្រទេសចិនមានជម្លោះលើប្រជុំកោះ ស៊ិនកាគុ (តាវយុ) ជាមួយជប៉ុន និងប្រជុំកោះផារ៉ាសែឡ ព្រមទាំងស្ព្រាតលី ជាមួយនឹងប្រទេសហ្វីលីពីន និងវៀតណាម។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន ត្រូវបានហ៊ុមព័ទ្ធដោយជម្លោះដែនសមុទ្រ និងកោះជាមួយបណ្តាប្រទេសមួយចំនួន នៅអាស៊ីបូព៌ា និងអាស៊ីអាគ្នយ៍ ដោយក្នុងនោះបណ្តាប្រទេសមួយចំនួនដែលចូលខ្លួនមកពាក់ព័ន្ធ ជាពិសេសអាមេរិក បានចោទទីក្រុងប៉េកាំងថា បានកសាងកោះសប្បនិមិត្តមួយចំនួន ព្រមទាំងដាក់ប្រព័ន្ធបាញ់មីស៊ីល ក៏ដូចជានាវាចម្បាំងនៅក្នុងដែនទឹក របស់អន្តរជាតិនោះថែមទៀតផង៕