(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់កម្លាំងប្រជាការពារទាំងអស់ ត្រូវបង្កើននូវសាមគ្គីភាពផ្ទៃក្នុង ចេះស្រឡាញ់ ចេះយកអាសាគ្នា ក៏ដូចជាការសហការគ្នាឱ្យបានល្អមុតមាំបំផុត ដើម្បីជាស្នូលគ្រឹះក្នុងការបំពេញភារកិច្ចថែរក្សាការពារ ពិសេសបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូលផងដែរ។

ការក្រើនរំលឹករបស់លោកអភិបាលខណ្ឌ ធ្វើឡើងនាវេលារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្នុងពិធីចែកជូនអំណោយជាស្បៀងអាហារ និងថវិការមួយចំនួន ជូនដល់កម្លាំងប្រជាការពារខណ្ឌ៥០នាក់ ដែលបានពាលីកម្លាំងបំពេញភារកិច្ចក្នុងរយៈកាលកន្លងទៅ។

ទន្ទឹមនឹងនេះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងថា «នៅក្នុងរយៈកាល នៃការជួបនូវវិបត្តិកូវីដ១៩នេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកអាចមានពេលគ្រប់គ្រាន់សម្រាកនៅជុំក្រុមគ្រួសារបាន ប៉ុន្តែកងកម្លាំងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនថាជានគរបាល កម្លាំងកងរាជអាវុធហត្ថ ឬកម្លាំងប្រជាការពារឡើយ គឺពុំមានវេលាដូចបងប្អូនប្រជាពលរដ្ឋទូទៅឡើយ ដោយសារតែវាជាភារកិច្ចដែលអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវចាំបាច់បំពេញជូនពលរដ្ឋ និងសង្គមជាតិ ហើយប្រសិនបើអាជ្ញាធរ និងកងកម្លាំងទាំងអស់អាចមានជម្រើសសម្រាកផ្ទះជួបជុំគ្រួសារដូចប្រជាពលរដ្ឋធម្មតា ក៏ជារឿងល្អដែរ ប៉ុន្តែគឺពុំមាននោះទេ ព្រោះអាជ្ញាធរ នឹងមានកាតព្វកិច្ចក្នុងការថែរក្សាការពារ នូវសុខសុវត្ថិភាពជូនបងប្អូនពលរដ្ឋទាំងអស់គ្រប់ទីកន្លែង និងគ្រប់ពេលវេលាដែលបងប្អូនពលរដ្ឋមានតម្រូវការអោយអាជ្ញាធរសាធារណះជួយ»

ក្នុងឱកាសដដែលនោះ លោកអភិបាលខណ្ឌ ចេង មុនីរ៉ា បានកោតសសើរខ្ពស់ដល់កងកម្លាំងសន្តិសុខខណ្ឌ ដែលមានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក ដោយមិនខ្វល់ខ្វាយពីការហត់នឿយ ពិសេសនោះ គឺការឃ្លាតឆ្ងាយពីក្រុមគ្រួសារមួយរយះធំ ក្នុងរយៈកាលនៃវិបត្តិកូវីដ១៩ ដែលជាពេលវេលាកាត់ផ្តាច់ការជួបជុំគ្នា សូម្បីតែក្រុមគ្រួសារក៏មិនអាចជិតស្និទ្ធិបានឡើយ។

បន្ថែមពីនេះលោកអភិបាល បានស្នើឱ្យកងកម្លាំងសន្តិសុខខណ្ឌ ត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានខ្ជាប់ខ្ជួនបំផុត ព្រោះយើងជារាជការសាធារណៈ ជាមន្ត្រីជួរមុខ ក្នុងការអនុវត្តការងារ ដូច្នោះហើយត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់បំផុត ជៀសវៀងមានការឆ្លងជំងឺកូវីដ១៩ ដោយកត្តាធ្វេសប្រហែស ឬភាពឆកល្វែងណាមួយនោះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ ដល់ជួរមន្ត្រីសាធារណៈ និងសង្គមជាតិផងដែរ៕