(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារ ត្រូវផ្ដល់ឈ្មោះ អាយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែករកពីការឆ្លងជំងឺកូវីដ១៩ ជូនពួកគាត់។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានកត់សម្គាល់ថា កន្លងមកមានបុគ្គលិកដែលបម្រើការ នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុននានា និងអាជីវកម្មដ្ឋានគ្រប់ប្រភេទ ដែលមានអាការមិនស្រួលខ្លួន ក៏បានសុំការអនុញ្ញាតឈប់សម្រាកពីការងារ មួយរយៈ ក្រោយពីបានធូរស្បើយពួកគាត់ក៏បានចូលបម្រើការងារវិញ ដោយពុំបានដឹងថា ខ្លួនឯងមានផ្ទុកជំងឺកូវីដ-១៩ហើយមានបុគ្គលិក
មួយចំនួនទៀតដែលសង្ស័យថា បានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយភ្ញៀវមានផ្ទុកជំងឺកូវីដ-១៩ ក្រោយពីបានទទួលព័ត៌មាននេះ ទើបពួកគាត់បានសុំការអនុញ្ញាត ឈប់សម្រាកពីការងារទៅយកសំណាកដោយខ្លួនឯង ដោយពុំបានជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋាន ឬអ្នកគ្រប់គ្រងនៅកន្លែងបំពេញការងារទាំងអស់ខាងលើ បន្ទាប់ពីយកសំណាករួចពួកគាត់បានវិលត្រឡប់ទៅបំពេញការងារវិញជាធម្មតា និងពុំបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលពីការធ្វើសំណាករបស់ខ្លួន ជាហេតុនាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បុគ្គលិកផ្សេងទៀតបំពេញការងារជាមួយ ពេលទទួលលទ្ធផលវិជ្ជមានកូវីដ-១៩។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងឈានទៅដល់ការកាត់ផ្តាច់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១» រដ្ឋបាលរាជធានីភ្នំពេញស្នើសុំដល់ម្ចាស់សណ្ឋាគារ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់ក្រុមហ៊ុននានា និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទទាំងអស់ក្នុងរាជធានីភ្នំពេញ នៅពេលបុគ្គលិករបស់ខ្លួនសុំការអនុញ្ញាតឈប់សម្រាកពីការងារត្រូវផ្តល់ឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការវាយតម្លៃស្វែងរកពីការឆ្លងកូវីដ-១៩ជូនពួកគាត់។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហាញលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងនៅតាមបណ្ដាខណ្ឌទាំង១៤ ដើម្បីពួកគាត់ងាយស្រួលក្នុងការផ្ដល់ព័ត៌មានផងដែរ៕