(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានបើកិច្ចប្រជុំពិភាក្សាគណៈបញ្ជាការឯកភាពខេត្ត ដើម្បីសម្រេចបិទខ្ទប់ភូមិមួយចំនួន ក្នុងតំបន់ភូមិសាស្ត្រមានផ្ទុកជំងឺកូវីដ១៩ ស្រុកស្រែអំបិល។

កិច្ចប្រជុំពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីសំណាក់ពីប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលក្រុងស្រុក មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកវេជ្ជបណ្ឌិតទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា អ្នកដែលមានផ្ទុកជំងឺកូវិដ១៩មានចំនួនជាង ១០០នាក់ហើយ ភាគច្រើនឆ្លងមកពីកម្មកររោងចក្រផលិតចំណីសត្វ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានបញ្ជាក់ថា ភូមិដែលមានអ្នកឆ្លងកូវីដច្រើនជាងគេ គឺភូមិសីលាម្នាង ឃុំស្រែអំបិល ដែលមានអ្នកផ្ទុកច្រើនជាភូមិដទៃ។ លោកបានបញ្ជាក់ថា ចំពោះអ្នកផ្ទុកជំងឺក្នុងភូមិសាស្រ្តស្រែអំបិលទាំងនេះ ក្រុមគ្រូពេទ្យ និងអាជ្ញាធរអាចគ្របគ្រងបានដោយមិនអនុញ្ញាតឲ្យធ្វើដំណើរចេញពីភូមិឡើយ ពោលត្រូវកំណត់ឲ្យគាត់ធ្វើចក្តាឡីស័ក១៤ថ្ងៃក្នុងកម្រិត១ ដើម្បីរង់ចាំលទ្ធផលតេស្តពីមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ។

លោកស្រី មិថុនា ភូថង បានលើកឡើងថា អាជ្ញាធរគ្រប់មូលដ្ឋាន ទាំងកងកម្លាំងសមត្ថកិច្ច ត្រូវមានការឃ្លាំមើលជានិច្ច ចំពោះបងប្អូនដែលមានផ្ទុកជំងឺកូវីដ១៩ ដែលកំពុងធ្វើចក្តាឡីស័កនៅក្នុងលំនៅដ្ឋានរបស់គាត់ គឺមិនតម្រូវឲ្យគាត់ចេញពីក្នុងផ្ទះគាត់ឡើយ ក្នុងរយៈពេល១៤ថ្ងៃហើយ តម្រូវណែនាំឲ្យគាត់ពាក់ម៉ាស់លាងដៃ និងសាប៊ូ ឬជេល និងណែនាំឲ្យគាត់អនុវត្តន៍វិធានការ «៣ការពារ និង៣កុំ» ឲ្យខ្ជាប់ខ្ជួនជានិច្ច។ នេះយុទ្ធសាស្រ្ត ចូលរួមទប់ស្កាត់កុំឲ្យមានការរីករាលដាលចូលក្នុងសហគមន៍ និងក្រុមគ្រួសារបន្តទៀត៕