(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារនាំស៊ីម៉ង់ចំនួន៤តោន ប្រគល់ជូនទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត សម្រាប់សាងសង់បន្ទប់ឃុំឃាំងជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនក្នុងករណីប្រព្រឹត្តបទល្មើសផ្សេងៗ។
លោក វុធ សាវី បានថ្លែងថា ការចូលរួមឧបត្ថម្ភជាស៊ីម៉ង់ជូនទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រាប់កសាងបន្ទប់ឃុំឃាំងថ្មីនៅពេលនេះ គឺដោយសារលោកមើលឃើញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីកងរាជអាវុធហត្ថខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ ពិសេសលើការងារបង្រ្កាបបញ្ហាបទល្មើសនានានៅក្នុងខេត្ត។
លោកព្រះរាជអាជ្ញារង បានថ្លែងសង្កត់ធ្ងន់ថា បន្ទប់ឃុំឃាំងជនសង្ស័យជាកក្តាចាំបាច់ណាស់។ ពេលដែលសមត្ថកិច្ចចាប់បានជនសង័យក្នុងករណីប្រព្រឹត្តបទល្មើសណាមួយ ហើយពេលដែលយកមកឃុំឃាំងនៅបន្ទប់មួយ ដែលមិនមានសុវត្ថិភាព ឫគុណភាពដោយសាបន្ទប់ចាស់ឌ្រុធទ្រោម ហើយចៃដន្យជនសង្ស័យរត់គេចខ្លួនបាត់ទៀត តើអ្នកណាជាអ្នកទទួលខុសត្រូវ? ដូច្នេះការសាងសង់បន្ទប់ឃុំឃាំងថ្មី នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅពេលនេះ គឺលោកសូមកោតសរសើរ និងចូលរួមគាំទ្រផងដែរ។
សូមបញ្ជាក់ថា លោក វុធ សាវី ក្នុងរយៈពេលខ្លី នៃការចូលកាន់តំណែងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ត្រូវបានមហាជនវាយតម្លៃខ្ពស់ពីភាពសុក្រិតនិងយុត្តិធម៌លើការអនុវត្តច្បាប់ ពិសេសលើការបង្រ្កាប បទល្មើសនានា នៅក្នុងខេត្តទទួលបានជោគជ័យ។ ជាមួយនឹងការងារស្នូលលើការអនុវត្តន៍ច្បាប់ លោកក៏បានចូលរួមក្នុងកិច្ចការងារសង្គមជាច្រើនផងដែរ ដូចជាការផ្តល់អំណោយជូនជនក្រីក្រជាដើម។
តាមរយៈភ្នាក់ងារព័តមាន Fresh News ប្រចាំខេត្តព្រះវិហារ លោក វុធ សាវី ក៏បានថ្លែងថា បច្ចុប្បន្ននេះ លោកបានត្រៀមរួចជាស្រេចនូវអង្ករ និងសម្ភារជាច្រើនសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ។ ជាមួយគ្នានេះ បើសិនជាបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលដឹងថា មានប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន សូមធ្វើការទំនាក់ទំនងមករូបលោកៗ នឹងដឹកនាំក្រុមការងារចុះទៅចែកភ្លាម៕