(កណ្តាល)៖ ក្រុមអាជីវករនៅផ្សារស្អាងខាងជើង រកស៊ីលក់ដូរតាមកញ្ច្រែងល្អី និងបានប្រាក់ចំណេញបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ បាននាំគ្នាស្នើសុំឲ្យអាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល ជួយដោះស្រាយជូនពួកគាត់ ដោយសារមានប្រជាពលរដ្ឋដែលរស់នៅជាប់ផ្សារស្អាងខាងជើង និងជាប់ផ្លូវជាតិលេខ២១ បាននាំគ្នាវាស់ម៉ែត្រលើផ្លូវបេតុង និងចិញ្ចើមផ្លូវលើការ៉ូឡាកំណត់ឲ្យពួកគាត់លក់ដូរ ហើយគិតលុយពី ៤ ទៅ ៥ម៉ឺនរៀលក្នុងមួយខែ។
អាជីវករទាំងនេះ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អាជ្ញាធរបានបិទផ្សារស្អាងខាងជើងនេះ កាលពីដើមខែឧសភា ឆ្នាំ២០២១ កន្លងមក ហើយករណីនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរបានបើកដំណើរការ ឲ្យអាជីវករចូលទៅលក់ដូរក្នុងផ្សារនោះវិញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ក្រុមអាជីវករ បានលើកឡើងទៀតថា ពួកគាត់ជាប្រជាពលរដ្ឋក្រីក្រណាស់ ជីវភាពសព្វថ្ងៃ ពឹងផ្អែកលើការលក់តាមកញ្ច្រែងនេះ ហើយជីវភាពបច្ចុប្បន្នកំពុងតែជួបការលំបាកខ្វះខាត ដោយសារការឆ្លងជំងឺកូវីដ១៩ លក់ដូរមិនសូវដាច់ផង ស្រាប់តែម្ចាស់ផ្ទះគេមកវាស់កន្លែងដែលពួកគាត់លក់ដូររាប់ឆ្នាំមកហើយនោះ គិតលុយក្នុងមួយខែមួយម៉ែត្រការ៉េ ៥ ម៉ឺនរៀលថែមទៀត។
អាជីវករថា ពួកគាត់លក់លើផ្លូវបេតុងរបស់រដ្ឋទេ ពួកគាត់មិនបង់លុយឲ្យក៏បានដែរ តែដោយសារគិតថាមិនចង់មានរឿងវែងឆ្ងាយទ្រាំបង់ឲ្យទៅ ចាំមើលខែក្រោយ បើលក់មិនដាច់ពួកគាត់ឈប់លក់ហើយ។
អាជីវករបានបន្តទៀតថា កាលពីមិនទាន់បិទផ្សារ ម្ចាស់ផ្ទះយកតែ ៣០០០០ រៀល តាមរយៈប្រធានភាស៊ីផ្សារ។ លុះបន្ទាប់ពីបិទផ្សារហើយ អាជ្ញាធរបើកឲ្យដំណើរការលក់ដូរវិញ ស្រាប់តែម្ចាស់ផ្ទះមកវាស់ផ្លូវបេតុងបែងចែក ក្នុងមួយម៉ែត្រការ៉េ គិតលុយ ៥ម៉ឺនរៀលក្នុងមួយខែ។
ចំណែកអ្នកលក់ដូរនៅតាមចិញ្ចើមផ្លូវ២១វិញ ក៏ម្ចាស់ផ្ទះវាស់គិតលុយដូចគ្នា តាមម្ចាស់ផ្ទះអ្នករស់នៅជាប់ផ្សារផងដែរ។ ក្រុមអាជីវករក្រីក្របានស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយករណីម្ចាស់ផ្ទះវាស់ផ្លូវជំរឹតទារលុយនេះផង។
លោក ប៉ោ សេង ម្ចាស់ភាស៊ីផ្សារស្អាង មិនអាចសុំការពន្យល់ពីបញ្ហានេះបានទេ ដោយសារលោកឆ្លើយថា មិនពាក់ព័ន្ធនឹងខាងភាស៊ីផ្សារទេ៕