(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តសៀមរាប ត្រូវបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀបអភិរក្សាជីវៈចម្រុះ។
ក្នុងលិខិតផ្ញើទៅកាន់អភិបាលក្រុង ស្រុកទាំង១២ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោក ទៀ សីហា បានធ្វើការណែនាំយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
* ណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឲ្យបញ្ឈប់រាល់ការចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន
* ចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ចំពោះរដ្ឋបាលឃុំ សង្កាត់ណាដែលនៅតែបន្ដចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីជាអាទិ៍ នៅលើដីបានកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិដែលនៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន
* សហការជាមួយមន្ទីរបរិស្ថានខេត្ត ដើម្បីចុះទប់ស្កាត់ការចូលកាប់ឆ្ការ រុករាន ទន្ទ្រានដីព្រៃរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិស្ថិតក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ
* ពិនិត្យស្រាវជ្រាវ និងមោឃភាពឯកសារទាំងអស់ដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខានាពេលកន្លងមក ដែលមានការពាក់ព័ន្ធនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងអភិរក្សជីវៈចម្រុះ ត្រូវធ្វើរបាយការណ៍ស្ដីពី ការអនុវត្តការងារនេះ មករដ្ឋបាលខេត្តឲ្យបានជ្រាបជាប្រចាំ៕