(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី១រួចរាល់ហើយនោះ ត្រូវទៅចាក់ដូសទី២ ឱ្យបានគ្រប់គ្នា ដើម្បីទទួលបានសុាំ និងមានប្រសិទ្ធភាពក្នុងការប្រឆាំងជំងឺកូវីដ១៩។

ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី១ មួយចំនួន មិនឃើញទៅចាក់វ៉ាក់សាំងដូសទី២។

ក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកព័ត៌មានពេលចុះពិនិត្យការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា មានប្រជាពលរដ្ឋតិចតួចនៅអតីតតំបន់ក្រហមដែលបានចាក់ដូសទី១ រួចរាល់ហើយនោះ មិនឃើញមកចាក់វ៉ាក់សាំងដូសទី២។

លោក ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី២ មានសារៈសំខាន់ណាស់ក្នុងការបង្កើតភាពសុាំ និងធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោក ឥត សារ៉ាត់ បានអំពាវនាវយ៉ាងដូច្នេះ «អ្នកចាក់ដូសទី២ ក៏សូមដែរថា បើបានចាក់ដូសទី១ហើយ ត្រូវតែមកចាក់ដូសទី២ ជាការចាំបាច់។ ដើម្បីបង្កើតភាពសុាំនៅក្នុងខ្លួនវាទាល់តែយើងចាក់ដូសទី១ ហើយដូសទី២។ ដូសទី២ហ្នឹង មិនអាចហួសពេលកំណត់ទេ រយៈពេល ២៨ថ្ងៃហ្នឹងយើងត្រូវតែមកចាក់ ពីរយៈពេល ១៥ថ្ងៃ ដល់ ២៨ថ្ងៃ (រយៈពេលក្រោយចាក់ដូសទី១) ត្រូវតែមកចាក់»

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមិថុនា ការចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហម ដែលចាប់ផ្តើមកាលពីថ្ងៃទី០១ ខែឧសភានោះ កងទ័ពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៩២ម៉ឺននាក់ ខណៈការចាក់ដូសទី២ បានជាង ៦៧ម៉ឺននាក់។ ការចាក់ដូសទី១ នៅក្នុងអតីតតំបន់ក្រហមគ្រោងនឹងបញ្ចប់នៅក្នុងសប្តាហ៍នេះ៕