(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ផ្តល់នូវកញ្ចប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ ដែលមានតម្លៃសរុបប្រមាណ ៣០ម៉ឺនដុល្លារអាមេរិកជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។
ពិធីប្រគល់ និងទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ ភាគីកូរ៉េខាងត្បូងអញ្ជើញជាតំណាងដោយលោក លោក ផាក ហ៊ឺងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា ហើយភាគីកម្ពុជា តំណាងដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្នុងពិធីនោះលោកឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ជាមួយការដាក់ចេញវិធានការនានា ដើម្បីកាត់បន្ថយការរីករាលជំងឺ។ ជាពិសេសការប្រឹងប្រែងចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានរហូតដល់ជាង ២.៥លាននាក់។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ដែរថា ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅកម្ពុជា ប្រទេសកូរ៉េ មិនបានស្ទាក់ស្ទើរក្នុងការរួមដៃគ្នាជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះនោះឡើយ។
លោកបានលើកឡើងថា កាលពីឆ្នាំ២០២០ ប្រទេសកូរ៉េបានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារជាសាច់ប្រាក់ និងឧបករណ៍វេជ្ជសាស្ត្រតម្លៃ ១០ម៉ឺនដុល្លារដល់ប្រទេសកម្ពុជា។ លោកបន្ថែមថា ការបរិច្ចាគបន្ថែមឧបករណ៍ធ្វើរោគវិនិច្ឆ័យជំងឺកូវីដ១៩ តម្លៃ ៣០ម៉ឺនដុល្លារនៅថ្ងៃនេះ គឺជាផ្នែកមួយបន្ថែមទៀតនៃទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាការបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវទំនុកចិត្តខ្ពស់ថា ប្រទេសកម្ពុជានឹងទទួលបានជោគជ័យក្នុងការយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ ហើយរដ្ឋាភិបាលកូរ៉េ បន្តធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងក្នុងឱកាសនោះថា ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-កូរ៉េ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានផ្តល់ជំនួយឥតសំណងជាច្រើនក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងវិស័យសុខាភិបាលកម្ពុជា។ ជាពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ កូរ៉េបានផ្តល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រមួយចំនួន និងថវិកា។
លោករដ្ឋមន្ត្រីបន្តថា ជំនួយមនុស្សធម៌របស់ភាគីមិត្តកូរ៉េនាថ្ងៃនេះ នឹងរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
លោករដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ជាពិសេសលោកឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា ដែលបានសម្របសម្រួលឱ្យដំណើរការរៀបចំប្រគល់-ទទួលជំនួយនេះបានប្រព្រឹត្តដោយរលូន។ លោកសង្ឃឹមយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េនឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀត៕