(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Ruth Sherman ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Ruth Sherman គឺជាដំណើរទស្សនកិច្ចលើកដំបូង របស់មន្ត្រីជាន់ខ្ពស់អាមេរិកក្នុងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នៅលើទឹកដីកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ ក្រៅតែពីជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាហើយនោះ លោកស្រីមិនមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឬស្ថាប័នអង្គការសង្គមស៊ីវិលនៅកម្ពុជានោះឡើយ។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយសម្តេចតេជោរួចហើយ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បន្តការហោះហើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃតែម្តង ដើម្បីបំពេញទស្សនកិច្ចនៅថៃនាថ្ងៃស្អែកនេះ។
ក្រៅពីកម្ពុជា និងប្រទេសថៃ ដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍នាពេលនេះ លោកស្រី Wendy Ruth Sherman នឹងទៅបំពេញទស្សនកិច្ចក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។
ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចនៅតំបន់អាស៉ីអាគ្នេយ៍ (ឬអាស៊ាន) លោកស្រី Wendy Ruth Sherman នឹងប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះភាពចាំបាច់នៅអាស៊ាន និងដំណោះស្រាយបញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញរបបយោធាភូមា ឲ្យបញ្ឈប់អំពើហិង្សា ដោះលែងអ្នកជាប់ឃុំដែលខ្លួនថាជាអំពើអយុត្តិធម៌ និងស្តារប្រទេសភូមាឲ្យទៅរកផ្លូវប្រជាធិបតេយ្យវិញ»ផងដែរ៕