(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០១នេះ បាននាំយកអំណោយចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំកុមាកំព្រា ក្នុងខេត្តស្វាយរៀង ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១ ។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹក រលឹកដល់កុមារកំព្រា ដែលបាននឹងកំពុងស្នាក់នៅគ្រប់មណ្ឌលថែទាំ កុមារកំព្រានៅខេត្ដស្វាយរៀងនេះ ក៏ដូចនៅទូទាំងប្រទេសផងដែរ។
លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សា អនាម័យក្នុងការរស់នៅ ដូចជារស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំណែកលោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារ ដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឱ្យដូចជាកូនបង្កើតរបស់ខ្លួន ជាពិសេស សិស្សទាំងអស់គ្នាត្រូវគោរពតាមវិធានរបស់ក្រសួង សុខាភិបាល និងវិធានការ របស់រដ្ឋាភិបាលគឺ ៣ការពារ និង ៣កុំ ដើម្បីជៀសផុតពីការឆ្លងនូវជំងឺកូវី១៩ ខណៈដែលពិភពលោក និងប្រទេសកម្ពុជាក៏បាននឹងកំពុងប្រឈមយ៉ាងខ្លាំង។
សូមបញ្ជាក់ថា អំណោយដែលបានឧបត្ថម្ភដល់មណ្ឌលកុមារកំព្រាចំនួន ១លានរៀល និងឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀងល និងអំណោយ ១កញ្ចប់ ចំណែកឯអ្នកគ្រូថែទាំសិស្ស ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១២ម៉ឺនរៀល ក្នុងនោះផងដែរក៏បានប្រគល់ជូនមណ្ឌលកុមារកំព្រា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រួមមាន៖ អង្ករ ១៥០គីឡូក្រាម មីម៉ាម៉ា ២កេសធំ ត្រីខ ២០០កំប៉ុង ទឹកស៊ីអ៊ីវ ៧២ដប ទឹកត្រី ៣០ដប ទឹកដោះគោ ៤១កេសតូច ម៉ាស ១៥.០០០ម៉ាស់ និងចេកមួយកេស៕