(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលមរណភាព នៅវេលាម៉ោង២៖២៥នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោយពេលបញ្ជូនពីការព្យាបាលជំងឺនៅក្រៅប្រទេស មកដល់ប្រទេសកម្ពុជា។ នេះបើតាមការជូនដំណឹងតាមបណ្តាញតេលេក្រាមរបស់ខុទ្ទកាល័យរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក។
លោក ហុក រិទ្ធី នាយកខុទ្ទកាល័យរបស់ លោក ត្រាំ អ៉ីវតឹក បានបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក បានទទួលមរណភាពមែន នៅរសៀលថ្ងៃទី០១ ខែមិថុនានេះ។ ខណៈដែលក្រុមគ្រួសារសពបានបញ្ជាក់ថា លោកត្រាំ អ៉ីវតឹក ទទួលមរណភាពដោយរោគាពាធ។
លោក ត្រាំ អ៉ីវតឹក អាយុ៧៣ឆ្នាំ គឺជាអតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ បច្ចុប្បន្នក្នុងតំណែងជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស លោក ត្រាំ អ៉ីវតឹក ក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។
មន្ដ្រីជាន់ខ្ពស់ដែលជាក្រុមការងាររបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក បានបញ្ជាក់បន្ថែមមកកាន់បណ្ដាញព័ត៌មាន Fresh News ដែរថា លោក ត្រាំ អ៉ីវតឹក បានដាក់ច្បាប់ឈប់សម្រាកពីការងាររយៈពេលជាង១ខែមកហើយ ដើម្បីទៅសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស។
បើតាមលោក ហុក រិទ្ធី, បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក្នុងនាមជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់លែង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក ផងដែរ។ លោកបានចាត់ទុកថា ការទទួលមរណភាពរបស់ទេសរដ្ឋមន្ដ្រី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបផងដែរ៕