(ស្វាយរៀង)៖ នៅក្នុងឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បានផលិតកម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី២ ក្នុងវិញ្ញាសាសិល្បៈបុរាណចម្រុះ ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយឧបករណ៍តន្រ្តីខ្មែរគ្រប់ទម្រង់ និងសិល្បៈបុរាណគ្រប់ប្រភេទ ដែលជាអត្តសញ្ញាណជាតិ។
នេះគឺជាឱកាសពិសេសសម្រាប់បេក្ខជន បេក្ខនារី និងប្អូនកុមារតូចៗ ជាទោល ឬក៏ជាក្រុមទាំង២៥ រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដែលមានទេពកោសល្យសិល្បៈបុរាណ បានបង្ហាញសមត្ថភាពរបស់គាត់។
ក្នុងដំណើរការនៃការប្រកួតនេះផងដែរ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ នឹងមានការចូលធ្វើជាគណៈកម្មការ ពីសំណាក់សាស្រ្តចារ្យផ្នែកសិល្បៈចំនួន៤រូប ដែលមានបទពិសោធន៍រាប់សិបទសវត្ស នៅក្នុងវិស័យសិល្បៈបុរាណដូចជា៖
លោកបណ្ឌិតសាស្ត្រាចារ្យ យន់ ខៀន ឯកទេសតន្រ្តីខ្មែរ, លោកស្រីសាស្រ្តាចារ្យ អ៊ុក សុផា ឯកទេសចម្រៀងអាយ៉ៃ និងចម្រៀងចាប៉ី, លោក ព្រឿង ឈាង ឯកទេសរបាំបុរាណ របាំប្រជាប្រិយ និងល្ខោនខោល និងលោកស្រីសាស្រ្តចារ្យ អ៊ុយ លតាវណ្ណ ឯកទេសចម្រៀងយីកេ និងចម្រៀងបាសាក់។
ចំពោះការចូលរួមប្រកួត បងប្អូនត្រូវផ្ញើវីដេអូសម្តែងរបស់ខ្លួន និងថ្លៃចូលរួមប្រកួតតម្លៃត្រឹម ១ម៉ឺនរៀលតែប៉ុណ្ណោះ មកកាន់ទំព័រហ្វេសបុករបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង (UYFC Svay Rieng Province - សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង) ឬក៏តេលេក្រាម របស់កម្មវិធីវង់តន្រ្តីខ្មែរ តាមរយៈលេខទូរស័ព្ទ (០៩៩ ៩១៤ ១២១/ ០៩៨ ៩១៤ ១២១)។ ចំពោះកុមារតូចៗ និងជនពិការ ត្រូវបានលើកទឹកចិត្ត។
គួរបញ្ជាក់ថា កម្មវិធីវង់តន្រ្តីខ្មែររដូវកាលទី២នេះនឹងចាប់ផ្តើមទទួលវីដេអូប្រកួតចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ចំពោះជយលាភីលេខ១, លេខ២ និងលេខ៣ នឹងទទួលបានទឹកប្រាក់រង្វាន់ដូចជា៖
*ជយលាភីលេខ១ ទទួលបានប្រាក់រង្វាន់ ១២,០០០,០០០រៀល
*ជយលាភីលេខ២ ទទួលបានប្រាក់រង្វាន់ ៨,០០០,០០០រៀល
*ជយលាភីលេខ៣ ទទួលបានប្រាក់រង្វាន់ ៤,០០០,០០០ រៀល។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៩ ៩១៤ ១២១/ ០៩៨ ៩១៤ ១២១៕