(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ម្នាក់ ជាពលករមកពីប្រទេសថៃ និងជាសះស្បើយចំនួន ៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់នេះ ឈ្មោះ ពេជ្រ ធីតា ភេទស្រី អាយុ៣៨ឆ្នាំ ជាពលករវិលត្រឡប់មកពីប្រទេសថៃ ជាមួយប្តីឈ្មោះ ឡេង វុទ្ធី ដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ បច្ចុប្បន្ននេះ អ្នកជំងឺនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ។
គិតមកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តរនតគិរី បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន០៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន១០នាក់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តរតនគិរី៖