(ព្រៃវែង)៖ មន្ត្រីជំនាញខេត្តព្រៃវែង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានយកសំណាកពិនិត្យតេស្តរហ័ស (Rapit test) លើអ្នកប៉ះពាល់ជាមួយវិជ្ជមានជំងឺកូវីដ១៩ និងបុគ្គលមកពីតំបន់ក្រហមចំនួន ២២នាក់ ស្រីចំនួន៥នាក់ ដោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់នៅស្រុកមេសាង។ នេះបើយោងតាមលោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកអ្នកនាំពាក្យសាលាខេត្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១ ខែមិថុនានេះ។
លោកបានបន្តថា «បុគ្គលប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ វាន ឆៃ បានវិជ្ជមានកូវីដ១៩ យកសំណាកលើកទី១ ចំនួន១នាក់ លទ្ធផលអវិជ្ជមាន បុគ្គលប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ហួន តំ វិជ្ជមានកូវីដ១៩ យកសំណាកលើកទី១ ចំនួន១នាក់ លទ្ធផលអវិជ្ជមាន»។
លោក ញ៉ែម សៅគ្រី បានបញ្ជាក់ថា បុគ្គលដែលវិជ្ជមានជំងឺកូវីដ១៩ ទាំង២នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ រ៉ន រ៉ែន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ រ៉ែន ណាត និងបានយកសំណាកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យកលើកទី១ លទ្ធផល Rapid Test វិជ្ជមានជំងឺកូវីដ១៩ បានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកមេសាង។
*ទី២៖ ឈ្មោះ មាឃ សាមឿន ភេទប្រុស អាយុ៦៤ឆ្នាំ នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ជា លឹម និងបានយកសំណាកនៅ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ យកលើកទី១ លទ្ធផល Rapid Test វិជ្ជមានកូវីដ១៩ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកមេសាង៕