(សៀមរាប)៖ ព្រះពុទ្ធបដិមាដ៏ធំមួយ ក្នុងទម្រង់ព្រះកិរិយាសមាធិ ហើយមានពស់នាគរាជប្រក់ពីលើ ស្ថិតនៅប្រាសាទផ្ទីនោះ ត្រូវបានក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលជាស្ថាពរហើយ ដោយបានផ្គុំបំណែកថ្មឡើងវិញ ក្រោយបែកបាក់ធ្លាក់ចុះដល់ដីរាប់រយឆ្នាំមកហើយនោះ។ ប្រាសាទផ្ទីនេះ ជាប្រាសាទតូចមួយនៅចំកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា ស្ថិតក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
បើតាមអាជ្ញាធរជាតិអប្សរាដែលបានបញ្ជាក់ប្រាប់ Fresh News នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទផ្ទីនេះ ត្រូវបានសម្រេចរួចរាល់នៅចុងខែឧសភា បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកស្រី ម៉ៅ ម៉ាល័យ កែគឹមមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។
បើតាមការបញ្ជាក់ពីលោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ពីដើមឡើយ ប្រាសាទនេះបានដួលរលំឃើញតែគំនរដុំថ្ម។ លោកថា គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។
គួរជម្រាបថា ប្រាសាទផ្ទីមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការ៉េប្រវែង ១៥ ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់ ១ ម៉ែត្រ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសង់ឡើងអំពីបណ្ដុំថ្មភក់ ដែលមានកម្ពស់ ៦.៥ ម៉ែត្រ បើគិតទាំងខឿនផង។ ព្រះពុទ្ធបដិមានេះទំនងជាត្រូវបានសាងសង់ឡើងរវាងពាក់កណ្ដាលសតវត្សទី១២ ដល់ចុងសតវត្សទី១២៕