(ត្បូងឃ្មុំ)៖ លោក ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ពេញមួយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំអាជ្ញាធរខេត្ត អញ្ជើញចុះត្រួតពិនិត្យការសាងសង់ ប្រឡាយទឹកមួយកន្លែង ប្រវែង២.៥០០ម៉ែត្រ និងទំនប់ទ្វារទឹកចំនួន៤កន្លែងផ្សេងគ្នាទៀត សម្រាប់ប្រើប្រាស់និងស្រោចស្រពដីស្រែ និងដំណាំប្រជាពលរដ្ឋចំនួន៤ឃុំ រួមមានឃុំជីរោទ៍ទី១ ឃុំពាមជីលាំង ឃុំថ្មពេជ្រ និងឃុំគរ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រព័ន្ធធារាសាស្ត្របម្រើឱ្យវិស័យកសិកម្មនៅមូលដ្ឋានស្រុកត្បូងឃ្មុំនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះពិនិត្យការសាងសង់នោះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ហាក់ សុខមករា, លោក កេង ប៊ុនណា, លោក ពាង ណារិទ្ធ អភិបាលរងខេត្ត, លោក សេង សុខខឿន អភិបាលស្រុក, លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍនជនបទខេត្ត ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋ។
មានប្រសាសន៍សំណេះសំណាល លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា ប្រឡាយទឹក និងទំនប់ទ្វាទឹក ដែលបានកំពុងដំណើរការការសាងសង់នេះ គឺជាការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការស្ដារប្រព័ន្ធធារាស្ត្រឡើងវិញ សម្រាប់ប្រើប្រាស់ ស្រោចស្រពដំណាំ និងទប់ទល់គ្រោះរាំងស្ងួត ជាពិសេសជួយដល់វិស័យកសិកម្ម ពង្រីកផ្ទៃដីដាំដុះ សំដៅលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។
លោក ប្រាជ្ញ ចន្ទ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងរកប្រាក់ចំណូលបន្ថែមជួយទ្រទ្រង់ជីវភាពគ្រួសារ។ ដោយឡែកមន្រ្តីជំនាញ ត្រូវចុះសិក្សាផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ ពិសេសបែងចែកថាតើត្រូវដាំដំណាំ បន្លែអ្វី ដែលមានទីផ្សារល្អ និងត្រូវតាមរដូវកាលដាំដុះក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។
អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំង៤ឃុំ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលដល់មានតម្លៃទាំងនេះ ឱ្យបានគង់វង្សយូអង្វែង សម្រាប់ទុកជាសម្បត្តិរួមដល់ក្មេងជំនន់ក្រោយបន្តទៀត។
បើតាមលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ប្រឡាយ និងទំនប់ទ្វាទឹក ដែលលោក ប្រាជ្ញ ចន្ទ និងអាជ្ញាធរខេត្ត បានចុះត្រួតពិនិត្យស្ថិតក្នុង០៤ឃុំ នៃមូលដ្ឋានស្រុកត្បូងឃ្មុំ រួមមាន៖
*ប្រឡាយតាឌុកប្រវែង ២,៥០០ម៉ែត្រ បាតក្រោម ៣ម៉ែត្រ មាត់លើ ១២ម៉ែត្រ ប្រជាពលរដ្ឋអាចទទួលផលបាន៣ភូមិ មានភូមិស្រែសៀម ភូមិទួលវិហារ និងភូមិទឹកចេញ ក្នុងឃុំជីរោទ៍ទី២ ស្មើ៦៥០គ្រួសារ លើផ្ទៃដី៧៧៦ហិចតា គ្រោងបញ្ចប់បិទការដ្ឋាននៅអំឡុងដើមខែមិថុនា ឆ្នាំ២០២១នេះ។
*ទំនប់ទ្វារទឹកព្រែកវល្លិ៍ នៅភូមិទួលកែវ ឃុំជីរោទ៍ទី១។
*ទំនប់ទ្វារទឹកបឹងក្អិត នៅភូមិពាមក្នុង ឃុំពាមជីលាំង។
*ទំនប់ទ្វារទឹករោងគោ នៅភូមិរោងគោ ឃុំថ្មពេជ្រ។
*ទំនប់ទ្វារទឹកសែនជ័យ ភូមិសែនជ័យ ឃុំគរ ៕