(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកចាក់វ៉ាក់សាំងរួចរាល់ ត្រូវរក្សាប័ណ្ណចាក់វ៉ាក់សាំងកុំឱ្យបាត់បង់ ដើម្បីទុកប្រើប្រាស់ក្នុងភាពចាំបាច់ណាមួយទៅថ្ងៃក្រោយ។
ការអំពាវនាវរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅតាមទីតាំងចាក់វ៉ាក់សាំងនៅអតីតតំបន់ក្រហម។
ប័ណ្ណចាក់វ៉ាក់សាំង ដែលរៀបចំដោយក្រសួងការពារជាតិ បានបង្ហាញព័ត៌មានរបស់អ្នកចាក់, ប្រភេទវ៉ាក់សាំង, កាលបរិច្ឆេទចាក់វ៉ាក់សាំង ហើយក៏បង្ហាញរូបថតរបស់ចាក់វ៉ាក់សាំងផងដែរ។ ប័ណ្ណចាក់វ៉ាក់សាំង អាចនឹងក្លាយជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ ដូចជាការធ្វើដំណើរចូលប្រទេសណាមួយ ឬអាចប្រើប្រាស់ក្នុងភាពចាំបាច់ដទៃទៀត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា «ប័ណ្ណវ៉ាក់សាំងនេះ យើងធ្វើសម្រិតសម្រាំងល្អណាស់។ សូមថែរក្សាឱ្យបានល្អ កុំឱ្យបាត់បង់ឱ្យសោះ ព្រោះប័ណ្ណចាក់វ៉ាក់សាំងនេះអាចមានភាពចាំបាច់ក្នុងការប្រើប្រាស់ទៅថ្ងៃក្រោយ។ ក្នុងនោះអាចនឹងប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងទៅកាន់ប្រទេសណាមួយថែមទៀតផង។ ដូច្នេះត្រូវថែទាំវា តែបាត់ទៅ គឺនាំឱ្យយើងពិបាកធ្វើឡើងវិញ និងខាតពេលវេលា»៕