(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះបានដឹកនាំ ស្នងការរង នាយការិយាល័យអធិការខណ្ឌ ទៅចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធលោក យ៉ា បូរ៉ា ជាមន្រ្តីនគរបាលផ្នែក សណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលបានទទួលមរណភាព នៅរសៀលថ្ងៃម្សិលមិញ ខណៈដែលលោក បានចូលរួមការពារសវត្ថិភាព គណៈប្រតិភូ ហើយបានខ្យល់គ ស្ថិតនៅគោលដៅក្តាន់២ តាមផ្លូវសហព័ន្ធរុស្ស៉ី។
ចំពោះការបាត់បង់ជីវិតរបស់មន្រ្តីនគរបាលរូបនេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសាសពទាំងមូល ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានបាត់បង់មន្រ្តី នគរបាលម្នាក់ធ្លាប់មានស្នាដៃ ចូលរួមបម្រើសង្គមជាតិ និងប្រជាពលរដ្ឋនាពេលកន្លងទៅ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ស្នងការ បាននាំយកថវិកា ចំនួន១២លានរៀល និង៥០០ដុល្លារ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងថវិការបស់សមាគមមិត្តនគរបាល ព្រមទាំងការចូលរួមពីមន្រ្តីផ្សេងទៀត ទៅប្រគល់ជូនក្រុមគ្រួសារសពព្រមទាំង បានបំពាក់ស័ក្តិមច្ឆាមរណ ពីអនុសេនីយ៍ឯក ទៅជាវរសេនីយ៍ត្រីទៀតផង ។
ដោយមើលឃើញពីបញ្ហាជីវភាពប្រចាំថ្ងៃរបស់សព លោក យ៉ា បូរ៉ា ដែលមានកូន៤នាក់ (ស្រី២នាក់ប្រុស២នាក់) នោះហើយម្តាយ ត្រូវរ៉ាប់រងចិញ្ចឹមបីបាច់ លោកស្នងការក្រោមការណែនាំពីថ្នាក់លើ បានឲ្យមន្រ្តីរៀបចំការបញ្ចូលឈ្មោះ កូនប្រុសទាំង២នាក់របស់សព ចូលបម្រើជាមន្រ្តីនគរបាលជាតិផងដែរ។
សូមបញ្ជាក់ថា ចំពោះការបាត់បង់ជីវិតរបស់មន្រ្តីនគរបាលរូបនេះ បានធ្វើឲ្យមានការរំជើបរំជួល និងអាណិតអាសូរយ៉ាងខ្លាំង ពីមហាជនទូទៅ មន្រ្តីកងកម្លាំងប្រដាប់អាវុធដូចគ្នា និងអ្នកសារព័ត៌មានជាច្រើននាក់ រហូតនាំគ្នាចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ក្នុងនោះសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមបុណ្យសព ចំនួន១លានរៀលផងដែរ។
សូមបញ្ជាក់ថា លោក យ៉ា បូរ៉ា មន្រ្តីនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ ខណ្ឌ៧មករា បានខ្សល់គដួលស្លាប់ នៅម៉ោង៤រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ ខណៈកំពុងឈរការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អញ្ជើញត្រឡប់មកពីបំពេញ ទស្សនកិច្ចនៅប្រទេសឡាវ។
យោងតាមសាក្សី បានឲ្យដឹងថា នៅម៉ោងកើតហេតុ ខណៈដែលលោក យ៉ា បូរ៉ា កំពុងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ នៅគោលដៅ ចំណុចក្តាន់ពីរ តាមបណ្ដោយ វិថីសហព័ន្ធរស្ស៊ី សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែដួលទាំងជំហរ ទាំងមិនដឹងមូលហេតុ។
ក្រោយឃើញដួលភ្លាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តាមរឺម៉កម៉ូតូកង់បី តែគួរឲ្យសោកស្តាយ លោក យ៉ា បូរ៉ា បានស្លាប់បាត់បង់ជីវិតតាមផ្លូវ។
បើតាមសាក្សីបានដាក់ការសង្ស័យថា មរណភាពរបស់ យ៉ា បូរ៉ា អាចបណ្តាលមកពីខ្យល់គរ ដោយសារពេលលោកកំពុងឈរការពារ សុវត្ថិភាពជូនថ្នាក់ដឹកនាំមេឃក្តៅខ្លាំង៕