(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីថ្លែងការណ៍ សម្តែងការអបអរសាទរដល់ខួបលើកទី៧២ នៃទិវាកុមារអន្តរជាតិ ១មិថុនា, ខួបលើកទី២០ នៃទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ស.ស.យ.ក បានចាត់ទុកថា កុមារគឺជាធនធានមនុស្សដ៏ចាំបាច់ នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកដាក់ចំពោះកុមារ គឺជាការសម្លឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេសជាតិ។
អនុលោមតាមគោលដៅ និងដំណើរបេសកកម្មឆ្ពោះទៅមុខឥតឈប់ឈររបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់សកម្មភាពយកចិត្តទុកដាក់ដល់កុមារ និងចូលរួមចំណែកជាមួយជនរួមជាតិទាំងអស់ ជាពិសេសកុមារជាទីស្រលាញ់ ក្នុងការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា អនុសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាលេខ១៨២ របស់អង្គការពលកម្មអន្តរជាតិស្តីពី ការហាមប្រាម និងសកម្មភាពបន្ទាន់ សម្រាប់លុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងបទដ្ឋានជាតិ-អន្តរជាតិ ស្តីពីសិទ្ធិកុមារផ្សេងៗទៀត។
ស.ស.យ.ក បានរំលឹកថា អំឡុងពេលសង្គ្រាម ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សិទ្ធិជាមូលដ្ឋានរបស់កុមារមិនត្រូវទទួលបានការគាំពារទាំងស្រុងទេ។ កុមារមិនមានឱកាសទទួលបានការសិក្សារៀនសូត្រ និងត្រូវបានបង្ខំឱ្យធ្វើការជាទម្ងន់ ទទួលរងទារុណកម្មធ្ងន់ធ្ងរ បង្អត់អាហារ ជាពិសេសត្រូវបានកាប់សម្លាប់យ៉ាងអាណោចអាធម។ ថ្វីបើរបបមួយនេះត្រូវបានបញ្ចប់ក្តី ស្លាកស្នាមនៃរបបនេះ នៅតែបន្សល់ទុកផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះកុមារ។
កុមារជាច្រើនត្រូវរស់នៅកំព្រាឪពុកម្តាយ និងខ្វះអាហារូបត្ថម្ភ ដែលបន្តជាផលវិបាកជាបន្តបន្ទាប់ដល់ការរីកលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី។ ក្រោយទទួលបានសុខសន្តិភាពពេញលេញ សិទ្ធិកុមារត្រូវបានលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់រហូតដល់ពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា យុទ្ធសាស្រ្តចតុកោណ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការផ្សេងៗទៀត។
ដោយឡែកនៅក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជះឥទ្ធិពលជាអវិជ្ជមានទៅលើសុខភាព ស្ថានភាពរស់នៅ និងការអប់រំរបស់កុមារ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បានចូលរួមចំណែកសហការតាមលទ្ធភាពរបស់ខ្លួនជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងអនុវត្តវិធានការចាំបាច់នានា សំដៅកាត់បន្ថយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋទូទៅ ក្នុងនោះក៏មានការប៉ះពាល់ទៅលើកុមារ និងក្រុមគ្រួសារផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍។
ក្នុងន័យនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការរៀបចំឱ្យមានកម្មវិធីស្វ័យសិក្សា MoEYS E-Learning ដែលការបង្កើតឧបករណ៍ សម្រាប់ការអប់រំពីចម្ងាយមួយបន្ថែមទៀតឆ្លើយតបទៅនឹងបរិបទកូវីដ១៩ ក៏ដូចជាការសម្របខ្លួនទៅក្នុងបរិបទអប់រំឌីជីថល ដែលជាទិសដៅមួយដ៏សំខាន់ក្នុងធានានិរន្តរភាពនៃគុណភាពអប់រំដល់យុវជន កុមារា កុមារី ដែលជាអ្នកបន្តវេននៅពេលអនាគត ដោយរក្សាឱ្យបាននូវតុល្យភាពរវាងការថែរក្សាសុខភាព អាយុជីវិត និងការអប់រំ ក្នុងបរិបទកូវីដ១៩នេះ។
សហភាពសហព័ន្ធយុវជនកម្ពុជា បានអះអាងថា ខ្លួននឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិកុមារ គាំពារសុខុមាលភាពកុមារ ប្រឆាំងរាល់ពលកម្ម និងអំពើហិង្សាលើកុមារតាមគ្រប់រូបភាព និងសកម្មភាពនានា ដែលធ្វើឡើងក្នុងន័យការពារសិទ្ធិ និងផលប្រយោជន៍របស់កុមារ ជាពិសេសនៅក្នុងបរិបទ នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្តចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការចាំបាច់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ និងកុមារផងដែរ៕