(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី និងលោក កឹម សុខា បានជួបប្រជុំគ្នាជាមួយមន្រ្តីជាន់ខ្ពស់ផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បន្ទាប់ពីថ្នាក់ដឹកនាំសំខាន់ៗ របស់គណបក្សសង្រ្គោះជាតិ (CNRP) ជាច្រើនរូប បាននាំគ្នាចាកចេញពីភ្នំពេញ ទៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ។
ការជួបប្រជុំនៅប្រទេសហ្វីលីពីន របស់មេដឹកនាំទាំងពីរ ធ្វើឡើងខណៈដែលរឿងអាស្រូវលោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ បាននឹងកំពុងផ្ទុះខ្លាំងឡើងនៅភ្នំពេញ និងទូទាំងប្រទេស ដោយសារ Facebook «រឿងពិត CNRP» បន្តទម្លាយសម្លេងហែកកេរ្តិ៍រឿងអាស្រូវស្នេហា លោក កឹម សុខា ជាមួយស្រីស្នេហ៍ រហូតដល់វគ្គទី២៨ និងវគ្គពិសេស។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ដែលទៅចូលរួមកិច្ចប្រជុំនោះ មានដូចជា លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ និងលោក អ៊ូ ច័ន្ទឫទ្ធិ។ល។
ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ត្រូវបានលោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត បញ្ជាក់ថា នៅរសៀលថ្ងៃទី១៤ ខែមីនានេះ ក្រុមយុវជន និងនិស្សិតរបស់លោក ប្រមាណជាង៥០នាក់ នឹងនាំគ្នាដាក់ញត្តិជូនរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភា កោះហៅលោក កឹម សុខា បកស្រាយការពិតរឿងខ្សែអាត់សម្លេង។
លោក ស្រី ចំរើន តំណាងក្រុមយុវជន និងនិស្សិត ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ ម៉ោង៣រសៀលយើងខ្ញុំជាយុវជន និងនិស្សិត ៥០នាក់ដាក់ញត្តិ ជូនរដ្ឋសភា ដើម្បីស្នើសុំរដ្ឋសភាកោះហៅលោក កឹម សុខា បកស្រាយការពិតរឿងខ្សែអាត់ម្លេង ដែលខ្សែអាត់សម្លេងនោះធ្វើឲ្យប៉ះពាល់ ធ្ងន់ធ្ងរផ្នែកច្បាប់ វប្បធម៌ប្រពៃណី និងជាគំរូអាក្រក់ដល់យុវជន...»៕