(សៀមរាប)៖ យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល០៥ខែ ឆ្នាំ២០២១នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន៤,៧៧៤នាក់ ធ្លាក់ចុះ៩៨.៧៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ១៩៧,២០៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៩១ភាគរយ។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែឧសភា ឆ្នាំ២០២១ បានលក់បណ្ណជូនភ្ញៀវចំនួន ២៤៦នាក់ ធ្លាក់ចុះ៨៦.១៥ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ៩,៩៩២ដុល្លារអាមេរិក ធ្លាក់ចុះ៨៦.១៣ភាគរយ។

ក្នុងខែឧសភានេះផងដែរ គឺថវិកាចំនួន ៤៩២ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង០៥ខែ គឺមានចំនួន ៩,៥៤៨ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕