(ភ្នំពេញ)៖ សំណុំរឿង​លួច​ប្រាក់​ធនាគារ​កា​ណា​ឌី​ណា ចំនួន​២​លាន​៧​សែន​ដុល្លារ​សហរដ្ឋអាមេរិក បាន​បន្ត​ដល់​តុលា​ការ​កំពូល​ បន្ទាប់​ពី​ជនជាប់ចោទ​ម្នាក់​ ជា​អតីត​បុគ្គលិក​ធនាគារ​នេះ​ មិន​សុខ​ចិត្ត​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​។

មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ សំណុំរឿង​នេះ​នឹង​ត្រូវ​តុលាការ​កំពូល ​បើក​សវនាការ​ជំនុំជម្រះ​សាជាថ្មី​ ​ ដោយ​មាន​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឌុច​ គឹម​សន​ ជា​តំណាង​មហា​អយ្យការ​។

​គួររំលឹក​ថា​ លោក កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៤​​កន្លងទៅ បានសម្រេច​ផ្តន្ទាទោស​ក្រុម​ជនជាប់ចោទ​៦​នាក់ ដាក់ពន្ធនាគារ​ចាប់ពី​២​ឆ្នាំ ដល់​៥​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ដល់​ធនាគារ​កាណាឌីយ៉ា ចំនួន​២​លាន​៧​សែន​ដុល្លារ ព្រមទាំង​ជំងឺ​ចិត្ត​២០​ម៉ឺន​ដុល្លារ ក្រោម​ការចោទប្រកាន់​ពីបទ​ក្លែង​លិខិតឯកជន បទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល និង​សមគំនិត តាម​មាត្រា​៦២៦, ៦២៧, ៣៩៣, ២៩ នៃ​ក្រមព្រហ្មទណ្ឌ​។

​លោក​ចៅក្រម​បាន​ផ្តន្ទាទោស ឈ្មោះ យ៉េត សុ​ភ័​ត្រា ភេទ​ស្រី អាយុ​៣០​ឆ្នាំ អតីត​បុគ្គលិក​ធនាគា​រ​កាណាឌីយ៉ា ដាក់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ពីបទ​ក្លែង​លិខិតឯកជន និង​បទ​រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល​។ ផ្តន្ទាទោស​ឈ្មោះ ស៊ន សៅរ៍​នី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អតីតមន្ត្រី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ឈ្មោះ ឡេង ស៊ុន​គ្រី (​អ្នកប្តឹង​ឧ​ទ្ឋ​រណ៍​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អតីត​បុគ្គលិក​ធនាគា​រ​កាណាឌីយ៉ា និង​ឈ្មោះ ទេព វិ​ន​ចាន់នី ភេទ​ស្រី ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២​ឆ្នាំ និង​ពិន័យ​៤​លាន​រៀល ពីបទ​សមគំនិត​ក្នុង​អំពើ​រំលោភ​លើ​ទំនុកចិត្ត ពិសេស​ដោយ​អភិបាល​។ ផ្តន្ទាទោស​ឈ្មោះ ចក់ គឹម​ឡេង អាយុ​៥៦​ឆ្នាំ ដាក់ពន្ធនាគារ​២​ឆ្នាំ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​៣​ខែ និង​១២​ថ្ងៃ​ប៉ុណ្ណោះ​។ ក្នុង​សាលក្រម​ដដែល​នេះ ចៅក្រម​ក៏បាន​ចេញ​ដីកាចាប់ខ្លួន​ឈ្មោះ ទេព វិ​ន​ចាន់នី ផងដែរ​។

​ហេតុការណ៍​លួច​ប្រាក់​ធនាគារ​កាណាឌីយ៉ា​នេះ កើតឡើង​កាលពី​អំឡុង​ខែមីនា ដល់​ខែមិថុនា ឆ្នាំ​២០១៣ នៅ​ធនាគារ​កាណាឌីយ៉ា ដែលមាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​