Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣នាក់ទៀត

31-05-2021 21:29

(សៀមរាប)៖ នាថ្ងៃទី៣១ ខែឧសភា នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៣នាក់បន្ថែមទៀត ក្នុងនោះ ២នាក់ជាពលករមកពីប្រទេសថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានថ្មីទាំង៣នាក់នោះរួមមាន៖
១៖ ឈ្មោះ ឆប កឹង ភេទស្រី អាយុ៣២ឆ្នាំ អាសយដ្ឋាននៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែឧសភា។
២៖ ឈ្មោះ ដៀវ យួម ភេទស្រី អាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិព្រលិត ឃុំរើល ស្រុកពួក បានធ្វើដំណើរមកពីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែឧសភា។
៣៖ ឈ្មោះ លេន សុអូន ភេទប្រុស អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ករណីទី១ និងទី២ ត្រូវបានក្រុមគ្រូពេទ្យ ដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ ពេលដែលបានមកដល់ខេត្តសៀមរាប។ ចំពោះករណីទី៣ ជាអ្នកមកពិនិត្យជំងឺនៅមន្ទីពេទ្យបង្អែកខេត្ត ដោយមានការអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក៏មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន១នាក់ផងដែរ។ អ្នកជំងឺដែលជានេះ មានឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ ២៨ឆ្នាំ អាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ អ្នកជំងឺរូបនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គិតត្រឹមយប់ថ្ងៃទី៣១ ខែឧសភា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២១នាក់ បានព្យាបាលជាសះស្បើយចំនួន៦៧នាក់ ស្លាប់២នាក់ និង ៥៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕