(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសមួយ ដោយស្នើឱ្យរដ្ឋបាលខេត្តកណ្តាល ចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសញុះញង់ឱ្យមានការទន្ទ្រានដីធ្លីអ្នកដទៃ នៅស្រុកកៀនស្វាយ និងស្រុកស្អាង។
សេចក្តីប្រកាសរបស់ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី សូមជម្រាបជូនសាធារណជនជ្រាបថា នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានមនុស្សមួយក្រុមបានធ្វើការតវ៉ាដីធ្លីដោយហិង្សា ឈានដល់ការបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
«ក្រុមមនុស្សទាំងនោះបានទន្ទ្រានចូលកាន់កាប់ ដីបែបអនាធិបតេយ្យ បោះបង្គោលព្រំ និងសាងសង់ខ្ទមលើទីតាំងដីរបស់ប្រជាពលរដ្ឋដែលបានដោះស្រាយរួចតាមលិខិតលេខ ២៣ សជណ. ខុស ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបានទទួលបណ្ណកម្មសិទ្ធិរួច។ ជាមួយនេះ រដ្ឋបាលខេត្តកណ្តាលបានជូនដំណឹង ឱ្យដកបង្គោលព្រំដី រុះរើខ្ទម និងសំណង់នានាចេញវិញផងដែរ»។ នេះបើតាមអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់បន្ថែមថា៖ «ចំពោះការតវ៉ាដីធ្លីដែលបង្កឡើងដោយការញុះញង់របស់ជនឆ្លៀតឱកាសខាងលើ ក្នុងគោលដៅបង្កនូវបញ្ហាដីធ្លី និងអសន្តិសុខសង្គម អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីសំណូមពរឱ្យអាជ្ញាធរខេត្តកណ្តាលចាត់វិធានការតឹងរឹងតាមផ្លូវច្បាប់»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានដាក់កំហិតឱ្យពលរដ្ឋមួួយក្រុម ត្រូវបញ្ឈប់សកម្មភាពចូលទន្ទ្រានកាន់កាប់ដី នៅលើទីតាំងដែលមានបណ្ណកម្មសិទ្ធិនៅស្រុកកៀនស្វាយ និងស្រុកស្អាងជាបន្ទាន់ ដោយតម្រូវឱ្យដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានា ឱ្យបានមុនថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។រដ្ឋបាលខេត្តកណ្តាល បានចាត់ទុកថា ទង្វើនេះ ជាការរំលោភបំពានទៅលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចាត់វិធានការដោះស្រាយជាចាំបាច់។
បើតាមការអះអាងរបស់មន្រ្តីជំនាញដីដែលវិវាទនេះ ត្រូវបានដោះស្រាយចប់តាំងពីឆ្នាំ២០១៧ ហើយអាជ្ញាធរខេត្ត និងសុរិយោដី បានចុះរៀបចំបញ្ជីបណ្ណកម្មសិទ្ធិជូនពលរដ្ឋរួចជាស្ថាពរហើយតាំងពីពេលនោះម្ល៉េះ។
ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល គេសង្កេតឃើញថា ជនមួយក្រុមបានលើកគ្នាដោយទាមទារបណ្ណកម្មសិទ្ធិលើដីទាំងនោះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ៖